ព័ត៌មានទាន់ហេតុការណ៍៖

បុរសកម្មករសំណង់ដើរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នខណៈមេឃកំពុងភ្លៀងត្រូវរថយន្តបើកបុកស្លាប់ភ្លាមៗផ្អើលអ្នកភូមិទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសកម្មករសំណង់ម្នាក់បានស្លាប់ភ្លាមៗនឹងកន្លែងបន្ទាប់ពីដើរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នហើយមេឃកំពុងភ្លៀងត្រូវរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកបុកយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីយប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៤៣និង១៤៤ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។

នគរបាលស្រុកបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ សុខ សឿយ អាយុ ៣៩ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិផ្លូវលាវ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ចំណែកអ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេក្រោយពីកើតហេតុបានបើករថយន្តគេចខ្លួនភ្លាមៗ។

តាមអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុមានបុរសម្នាក់ដែលគេស្គាល់ថាជាកម្មករសំណង់បានដើរលើផ្លូវជាតិលេខ១ តែម្នាក់ឯងរួចឆ្លងកាត់ថ្នល់ពីជើងទៅត្បូង ខណៈនោះស្រាប់តែ
មានរថយន្ត មិនស្គាល់ម៉ាកបានបើកទិសដៅពីកើតទៅលិចចាប់ហ្វ្រាំងមិនទាន់ក៏ បានបុកយ៉ាងពេញទំហឹងបង្កភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់ខណៈមេឃកំពុងភ្លៀងនិងរាយការណ៍មកសមត្ថកិច្ច។

ក្រោយមកសពត្រូវបានសមត្ថកិច្ចវាស់វែងនិងលើក
យករក្សាទុកនៅវត្តពោធិ៍បន្ទាយដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕យឹម សុថាន


ចែករំលែក៖