ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យទុស្សេខ្សែភ្លើងបណ្តាលឲ្យឆាបឆេះផ្ទះល្វែងនៅបុរីពិភពថ្មីឈូកវ៉ា១ ជាប់ស្ត្រីនិងកូន ២នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ មានករណីអគ្គិភ័យឆាបឆេះផ្ទះល្វែងមួយកន្លែងក្នុងបុរីពិភពថ្មីឈូកវ៉ា១ ជាប់ស្ត្រីជាប្រពន្ធនិងកូនប្រុសតូចពីរនាក់នៅក្នុងផ្ទះបណ្ដាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៧និង ២០នាទីព្រឹកថ្ងៃទី ២៧ខែធ្នូ ឆ្នាំ២០២០នៅក្នុងបុរីពិភពថ្មីឈូកវ៉ា1 ផ្ទះលេខ ១០៦ផ្លូវបេតុង ភូមិផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
-ជនរងគ្រោះទី១ ឈ្មោះ គឹម យូរី ភេទស្រីអាយុ ២៨ ឆ្នាំ (ម្តាយ)
-ជនរងគ្រោះទី២.ឈ្មោះសូរី វណ្ណភូ ភេទប្រុស៥ឆ្នាំ (កូន)
-ជនរងគ្រោះទី៣.ឈ្មោះសូរី ផាយុទ្ធភេទប្រុសអាយុ៣ឆ្នាំ(កូន)។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគឺឃើញផ្ទះបិទទ្វារចាក់សោហើយស្ត្រីជាភរិយានិងកូនប្រុសពីរនាក់កំពុងតែសម្រាកនៅជាន់ទីមួយស្រាប់តែមានផ្សែងហុយចេញពីលំនៅឋានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសន្តិសុខនាំគ្នាឡើងទៅលើជាន់ទីមួយដើម្បីជួយរំដោះស្ត្រីនិងកូនចេញពីលំនៅឋានតាមបង្អួច។
ដោយឡែកប្រជាពលរដ្ឋមួយចំនួនទៀតបាននាំគ្នាវាយទម្លុះទ្វារដើម្បីជួយពន្លត់នៅផ្នែកខាងក្រោម។
នៅក្នុងហេតុការណ៍នោះដែរគេឃើញរថយន្តពន្លត់អគ្គិភ័យចំនួនពីរគ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់ផងដែរ។  ក្នុងករណីគ្រោះអគ្គិភ័យនេះមិនបណ្ដាលឲ្យឆេះរាលដាលដល់លំនៅឋាននៅក្បែរនោះឡើយ។
តាមស្ត្រីរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជា៥ព្រឹក ប្តីរបស់ខ្លួនឈ្មោះ ឡៅ សូរីកញ្ញា បានភ្ញាក់ពីព្រឹកទៅធ្វើជាចុងភៅដោយចាក់សោពីក្រៅទុកកូនសោនៅក្នុងផ្ទះ។  ខណៈនោះស្រាប់តែភ្លើងបានឆាបឆេះនៅចំណុចជំនាងផ្ទះខាងក្រោម និងរាលដាលទូតាំង បង្កជាផ្សែងហុយទ្រលោមទៅផ្នែកខាងលើគាត់បានភ្ញាក់ឡើងប្រុងនាំកូនចុះហើយក៏ត្រូវភ្លើងស្ទាក់ជាប់បណ្ដាលឲ្យឆេះរងរបួសដៃជើងផងដែរ។  ក្រោយមកប្រជាពលរដ្ឋនិងសន្តិសុខ ក៏បានវាយទម្លុះរនាំងបង្អួចចូលទៅសង្គ្រោះនាំមកកាន់មណ្ឌលសុខភាពគោករការ។
ពាក់ព័ន្ធគ្រោះអគ្គិភ័យនេះត្រូវបានម្ចាស់ផ្ទះក៏ដូចជាសមត្ថកិច្ចមានការសង្ស័យថា បណ្ដាមកពីទុស្សេខ្សែភ្លើង៕

ដោយ៖ និន សុភ័ស្ត


ចែករំលែក៖