ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ បានប្តឹងទៅសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យខណៈដខណៈដែលគាត់បានប្រទះឃើញស្លាកលេខរថយន្តរបស់គាត់មួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ត្រូវបានចោរធ្វើសកម្មភាពលួចបាត់ស្រមោលអស់រយៈពេល៤ឆ្នាំកន្លងមកហើយ ប៉ុន្តែរកមិនឃើញសោះ ឃើញបំពាក់នៅលើរថយន្តម៉ាកកាមរីបាឡែនទៅវិញ។ចំណែកម្ចាស់រថយន្ត និងជនរងគ្រោះត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកសាកសួរនៅប៉ុស្តិ៍ចោមចៅទី២ ដើម្បីស្វែងរកការពិត។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ស្ថិតនៅក្នុងភូមិថ្មគោល២សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមការអះអាងពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា រថយន្តមួយគ្រឿងដែលត្រូវឃាត់ទុកខាងលើនេះ ម៉ាកកាមរីបាឡែន ពណ៌ទឹកមាសពាក់ស្លាកលេខ ភ្នំពេញ 2AJ-5287 បើកបរដោយបុរសម្នាក់ឈ្មោះចាន់សុវណ្ណ ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ មានឋានន្តរស័ក្ដិវរសេនីយ៍ឯក។ ចំណែកភាគីជនរងគ្រោះ ដដែលអះអាងថាបានបាត់រថយន្តម៉ាកហ៊ីយ៉ាន់ដាយកាលពី៤ឆ្នាំមុន បានបញ្ជាក់ថា ស្លាកលេខដែលបំពាក់លើរថយន្តម៉ាកកាមរីបាឡែន គឺជាស្លាកលេខរថយន្តរបស់គាត់ដែលបានបាត់នោះប្ដីឈ្មោះវ៉ា ចាន់ថុល អាយុ៤០ឆ្នាំ មុខរបរចាក់មេក្រូ តាមពិធីបុណ្យនិងមង្គលការ និងមានប្រពន្ធឈ្មោះឈុន ឡាយ អាយុ៣៦ឆ្នាំមុខរបរចុងភៅ មានទីលំនៅក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ដោយឡែកបើតាមការបញ្ជាក់ពីស្ត្រីជាប្រពន្ធជនរងគ្រោះ បាននិយាយថាកាលពី៤ឆ្នាំមុនក្នុងអំឡុងឆ្នាំ២០១៦ គាត់និងប្ដីបានខ្ចីប្រាក់ធនាគារមួយយកមកទិញរថយន្តម៉ាកហ៊ីយ៉ា់ន់ដាយ ពណ៌ស១គ្រឿងដើម្បីដឹកអីវ៉ាន់រកស៊ីដោយបានធ្វើស្លាកលេខភ្នំពេញ2AJ-5287 ដាក់ឈ្មោះប្ដីរបស់គាត់ ។ ក្រោយមកខណៈដែលគាត់ចតរថយន្តទុកនៅក្បែរផ្ទះ ស្រាប់តែត្រូវបានចោរលួចបើកយកទៅបាត់ស្រមោលតាមរកយ៉ាងណាក៏មិនឃើញដែរ ។ បន្ទាប់មកពួកគាត់ប្ដឹងនគរបាលឲ្យជួយរកក៏នៅតែរកមិនឃើញទៀត លុះរហូតដល់វេលាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ខណៈដែលប្ដីគាត់បើករថយន្តទៅដឹកអីវ៉ាន់នៅផ្សារនាគមាស ចេញផុតពីផ្ទះបន្តិច ស្រាប់តែឃើញរថយន្តម៉ាកកាមរីបាឡែន ពណ៍ទឹកមាសពាក់ស្លាកលេខ ភ្នំពេញ 2AJ-5287 ដែលជាស្លាកលេខរថយន្តរបស់គាត់ កំពុងបើកបរនៅខាងមុខទើបប្ដីគាត់ដេញតាមឃាត់សួរនាំនិងនាំទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅទី២តែម្ដង។
តាមប្រភពដដែលបានបន្តថា នៅពេលប្ដីគាត់ឃាត់សួរនាំ អ្នកបើកបររថយន្តនោះប្រាប់ថា គាត់ជានគរបាលក្រសួងមហាផ្ទៃ ហើយបានខ្ចីរថយន្តពីមេរបស់ខ្លួននៅក្រសួងមកជិះ ហើយវាជារថយន្តដែលរឹបអូសបានពីបទល្មើស ។ បន្ទាប់ពីបានស្ដាប់ការបកស្រាយពីសំណាក់បុរសនោះបានធ្វើឲ្យគាត់ក៏ដូចជាមហាជន មានការងឿងឆ្ងល់និងហួសចិត្តយ៉ាងខ្លាំង និងចង់ដឹងថាតើមេរបស់មន្ត្រីនគរបាលរូបនោះបានស្លាកលេខរថយន្តនេះមកពីណា មកបំពាក់លើរថយន្តម៉ាកកាមរីបាឡែននេះ? និងបានវាតាមរបៀបណា ហើយចុះរថយន្តហ៊ីយ៉ាន់ដាយរបស់គាត់ដែលបានបាត់នោះទៅណា ហើយហេតុអ្វីទើបស្លាកលេខធ្លាក់ចូលកណ្ដាប់ដៃនគរបាលក្រសួងមហាផ្ទៃបែរជារករថយន្តពុំឃើញទៅវិញ?
ក្រោយពេលកើតមានហេតុការភ្ញាក់ផ្អើលខាងលើនេះ មន្ត្រីនគរបាលខាងលើត្រូវបាននគរបាលហៅទៅសាកសួរនៅប៉ុស្តិ៍ ហើយគាត់មានលិខិតសុំខ្ចីរថយន្តម៉ាកកាមរីបាឡែនខាងលើពីប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រមហាផ្ទៃដើម្បីជិះ ព្រោះតែគាត់ខ្វះមធ្យោបាយដើម្បីជិះបម្រើការងារនិងបេសកកម្មតាមបណ្ដារាជធានី ខេត្ត ក្រុង ។ មិនតែប៉ុណ្ណោះនៅក្នុងលិខិតនេះក៏មានការឯកភាពនិងចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ដែលមានការបរិច្ឆេទថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ផងដែរ។
មន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យ បានបន្ថែមទៀតថា កាលពីអំឡុងឆ្នាំ២០១៨ កន្លងទៅនេះនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានបើកប្រតិបត្តិការបង្ក្រាបនិងចាប់ខ្លួនក្រុមចោរដាក់ថ្នាំយករថយន្តបានចំនួន៤នាក់នៅតាមផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខកងពលតូចលេខ៧០ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ខណៈនោះបានធ្វើការដកហូតរថយន្តម៉ាកកាមរីបាឡែនពណ៌ទឹកមាស ដែលមានពាក់ស្លាកលេខ ភ្នំពេញ 2AJ-5287 ខាងលើ ដោយក្រុមចោរជិះធ្វើសកម្មភាព លុះបង្ក្រាបបាននគរបាលបានស្នើរសុំទៅព្រះរាជអាជ្ញាដើម្បីយករថយន្តនេះជិះធ្វើការងារបណ្ដោះអាសន្នដោយពុំបានដឹងថាក្រុមចោរបានស្លាកលេខនេះមកពីណាឡើយ។
មន្រ្តីដដែល បានបន្តទៀតថា បន្ទាប់មកក្រុមចោរដែលតែងតែធ្វើសកម្មភាពដាក់ថ្នាំយករថយន្តនៅពេលនោះត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារព្រៃសរហូតមកដល់បច្ចុប្បន្ននេះនៅពុំទាន់រួចនៅឡើយទេ ចំណែករថយន្តក្រោយមកត្រូវបានលោកវរសេនីយ៍ឯក ចាន់សុវណ្ណ ស្នើរទៅប្រធាននាយកដ្ឋានដើម្បីជិះបម្រើការងារនិងចុះបេសកកម្មផ្សេងៗ ។ លុះមកដល់ព្រឹកថ្ងៃទី២៧ ខែធ្នូ ស្រាប់តែម្ចាស់រថយន្តហ៊ីយ៉ាន់ដាយប្រទះឃើញស្លាកលេខរថយន្តគាត់ដែលបាត់បំពាក់នៅលើរថយន្តកាមរីបាឡែននេះ ទើបឃាត់សួរនាំតែម្ដង ។
គួរបញ្ជាក់ដែរថា ក្រោយធ្វើការសាកសួររួចសំណុំរឿងនេះ ត្រូវបានបញ្ជូនបន្តទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃដើម្បីចាត់ការបន្ត តាមនីតិវិធី៕ដោយ៖សុខា សែនជ័យ