ព័ត៌មានទាន់ហេតុការណ៍៖

កូវីដ​-១៩​ បារាំងអាចនឹងបិទប្រទេសជាលើកទី​៣​

ចែករំលែក៖

បារាំងកំពុងពិចារណា​បិទប្រទេស ជាលើកទី​៣​​ ដោយសារតែការឆ្លងរាលដាលនៃវីរុសកូវីដ​១៩​ ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង​លោក Olivier Veran បានប្រកាសថា​ បារាំង អាចនឹងចាត់វិធានការ​តឹងតែងបំផុតដើម្បីការពារពលរដ្ឋ​​ក្នុងនោះមានទាំងការបិទប្រទេសជាលើកទី​៣ ផងដែរ​ ។ ការប្រកាសខាងលើ​កើតឡើង​ក្រោយពេល មានក្តីបារម្ភពីការឆ្លងកូវីដ​-១៩​ក្នុងឱកាសបុណ្យ​គ្រឹស្តស្មាស់ និង​ចូលឆ្នាំសកល​។ លោក​Olivier Veran បានបន្តទៀតថា​​ ​ក្រុមការងារបានតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាព ឆ្លងកូវីដ​-១៩ ដើម្បីទប់ស្កាត់ឲ្យបានទាន់ពេលវេលា ។
បច្ចុប្បន្នបារាំង​មានករណីឆ្លងកូវីដ​-១៩ ​ថ្មីប្រមាណ​១.៥០០​នាក់ជារៀងរាល់ថ្ងៃ ។​ កាលពីថ្ងៃទី​២៥ខែធ្នូបារាំង​បានរកឃើញករណីឆ្លងកូវីដ-១៩ ទម្រង់ថ្មីពីប្រទេសអង់គ្លេស ហៅថា​ VUI-202012/01 បានបង្កក្តីបារម្ភកាន់តែខ្លាំង។
វត្តមាន នៃវីរុសកូវីដ-​១៩ ទម្រង់ថ្មី​VUI-202012/01 បានធ្វើឲ្យប្រទេស ចំនួន​៥០ ​ប្រកាសកាត់បន្ថយការធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស​។ បារាំងក៏បានបិទព្រំដែនជាមួយអង់គ្លេសផងដែរ​ ប៉ុន្តែក្រោយរយៈពេល​៤៨ម៉ោង​ បារាំងក៏បានបើកទ្វារឡើងវិញ​ ដើម្បីដឹកជញ្ជូនទំនិញសំខាន់ៗរវាងប្រទេសទាំងពីរ​។
នៅថ្ងៃទី​២៧ ខែធ្នូ​នេះដែរ បារាំង​ក៏ទទួលបានវ៉ាក់សាំង​ កូវីដ​-១៩ ពីក្រុមហ៊ុន​Pfizer-BioNTech ដើម្បីចាក់ជូនពលរដ្ឋ​។ ក្រៅពីប្រទេសបារាំង ប្រទេសទាំង​២៧ ក្នុង​សហគមន៍អឺរ៉ុប​​ ក៏ទទួលបានវ៉ាក់សាំង​ដូចគ្នា​។​ អឺរ៉ុប មានពលរដ្ឋ សរុប​តែ​៤៥០លាននាក់ប៉ុណ្ណោះ ​ដូច្នេះ​ការចាក់វ៉ាក់សាំង ជូនដល់ពលរដ្ឋទាំងអស់អាចនឹងធ្វើឡើងយ៉ាងឆាប់ផងដែរ​៕ដោយ៖ធី រីណា


ចែករំលែក៖