កម្លាំងទាហាន និងរដ្ឋមន្ត្រីមួយចំនួននៅក្នុងប្រទេសហ្វីលីពីនទទួលបានការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលក្រសួងសុខាភិបាលមិនទាន់បានអនុម័ត ប៉ុន្តែមិនបញ្ជាក់ថាចាក់វ៉ាក់សាំងផលិតដោយក្រុមហ៊ុនណានោះឡើយ។
ក្រសួងមហាផ្ទៃហ្វីលីពីន លោកEduardo Ano នៅថ្ងៃទី២៨ខែធ្នូ បានប្រកាសថា សមាជិកគណៈរដ្ឋមន្ត្រីក្នុងប្រទេសនេះទទួលបានការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ ជាមួយគ្នានេះ មេបញ្ជាការកងទ័ពហ្វីលីពីន លោកCirilito Sobejana បានបញ្ជាក់ថា កម្លាំងទាហានក៏ទទួលបានការចាក់វ៉ាក់សាំងដូចគ្នាដែរ។
នៅពេលនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលហ្វីលីពីន លោកMaria Rosario Vergeire បានបញ្ជាក់ថា មកទល់ពេលនេះលោកមិនទាន់ទទួលបាន របាយការណ៍ស្តីពីការចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩នៅឡើយទេ ។
លោកវរសេនីយ៍ឯក Edgard Arevalo អ្នកនាំពាក្យយោធាហ្វីលីពីនបាននិយាយថា ទាហានដែលបានទទួលវ៉ាក់សាំង Covid-19 រួមមានអង្គភាពពិសេសមួយដែលស្ថិតនៅក្រោមរដ្ឋបាលគ្រប់គ្រងរបស់ប្រធានាធិបតី Rodrigo Duterte។
ចំណែកអ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីនលោក Harry Roque បានបញ្ជាក់ថា ប្រធានាធិបតី Duterteមិនទាន់ចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅឡើយទេ។ កាលពីថ្ងៃទី២៦ខែធ្នូ ប្រធានាធិបតី Duterteបានប្រកាសថា កម្លាំងទាហានស្ទើរតែទាំងអស់បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ហើយ។
ប្រធានាធិបតីហ្វីលីពីនបញ្ជាក់ថា មានពលរដ្ឋជាច្រើននៅក្នុងប្រទេសរបស់លោកទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ពីក្រុមហ៊ុនផលិតឱសថរបស់ចិន Sinopharm។ នៅពេលនេះដែរ ក្រុមហ៊ុនឱសថរបស់ចិនមិនទាន់មានប្រតិកម្មអ្វីចំពោះព័ត៌មានខាងលើនៅឡើយទេ។
ក្រសួងសុខាភិបាលហ្វីលីពីន បានបញ្ជាក់ថា រាល់វ៉ាក់សាំងទាំងអស់គឺត្រូវឆ្លងកាត់ការត្រួតពិនិត្យ អនុញ្ញាតទើបអាចប្រើប្រាស់ស្របច្បាប់ និងសុវត្ថិភាព។ រហូតមកទល់ពេលនេះ ក្រសួងសុខាភិបាលមិនទាន់បានអនុម័តវ៉ាក់សាំងណាមួយនៅឡើយទេ ហើយការចែកចាយនឹងការចាក់វ៉ាក់សាំងនោះគឺជារឿងខុសច្បាប់៕ដោយ៖ធី រីណា