ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ៖ គិតត្រឹមម៉ោង ២រសៀលម្សិលមុិញ កម្ពុជាទទួលបានប្រាក់សម្រាប់ទិញវ៉ាក់សាំងជាង ៥៥លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា បើគិតត្រឹមម៉ោង ២ រសៀលម្សិលមុិញ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ គឺកម្ពុជាបានទទួលប្រាក់ពីការចូលរួមឧបត្ថម្ភបរិច្ចាគដោយសប្បុរជន មានចំនួនទឹកប្រាក់រហូតដល់ជាង ៥៥លានដុល្លារ។ សម្ដេចបញ្ជាក់ថា ប្រាក់ដុល្លារមាន ៥៣ ,៦៧៩ ,៧១៤ ដុល្លារ , ប្រាក់រៀលចំនួន ៩ពាន់៩រយ៣៥លាន៤សែន៨មុឺន សរុបជាដុល្លារ គឺស្មើជាង ៥៥លានដុល្លារ។
សម្ដេចបានគូសបញ្ជាក់ថា ចំពោះថវិកាទាំងនេះ សម្ដេចមិនបានបង្ខំឲ្យប្រជាពលរដ្ឋបង់ប្រាក់ចូលរួមទិញវ៉ាក់សាំងនោះទេ ។ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋយើងគាត់មានទឹកចិត្ត បានចូលរួមបរិច្ចាគដោយការពេញចិត្តខ្មែរស្រលាញ់ខ្មែរ។
សម្ដេចក៏បានថ្លៃលើកឡើងផងដែរថា ក្នុងសម័យកូវីដនេះ សម្ដេចនៅតែបន្តជួយដល់កម្មការិនីរោងចក្រ គិតជាមធ្យមក្នុងមួយថ្ងៃ កម្មការិនីឆ្លងទន្លេមិនតិចជាង២២០នាក់នោះទេ។ មានថ្ងៃខ្លះឆ្លងទន្លេចំនួន ២៣០នាក់ទៅ ២៤០នាក់, ២១០នាក់, ២៤០នាក់, និយាយឲ្យខ្លីទៅគិតត្រឹមតែជាមធ្យមក្នុង១ ថ្ងៃ ២០០នាក់ ក៏យើងត្រូវបានចំណាយថវិកាយ៉ាងច្រើនដល់កម្មការិនីរបស់យើង។
សម្ដេចបានសង្កត់ធ្ងន់ថា បើអ្នកនៅក្រៅប្រទេសវិញ ក្នុងសម័យកាលនេះ ពួកគេបន់ឲ្យតែខ្មែរងាប់ ប៉ុន្តែពួកគេពុំបានឃើញថា ប្រទេសដែលខ្លួនគេកំពុងរស់នៅ ងាប់គជើងគ្នា ហើយការងាប់នេះ ងាប់ពិបាកជាងសម័យរបបខ្មែរក្រហមទៅទៀត ដោយសារការជាប់ខ្មោច ដាក់គជាន់ពីលើគ្នា។
សម្ដេចបានបន្តថា ចំពោះកម្ពុជា នៅតែជួយដល់អ្នកក្រីក្រ , ជួយជាសាច់ប្រាក់ផ្ទាល់ ទោះជាគាត់យកទៅចាយដោយរបៀបណា នោះជាសិទ្ធិរបស់គាត់។ កម្ពុជាមិនទុកឱ្យអ្នកណាម្នាក់ដាច់បាយឡើយ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖