ព័ត៌មានទាន់ហេតុការណ៍៖

សិង្ហបុរីនឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ​-១៩ នៅព្រឹកថ្ងៃទី​៣០ខែធ្នូ

ចែករំលែក៖

ចាប់ពីព្រឹកថ្ងៃទី​ ៣០ ខែធ្នូ (ស្អែកនេះ) ប្រទេសសិង្ហបុរី​នឹងចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ជាផ្លូវការដល់ពលរដ្ឋរបស់ខ្លួន ហើយ។ សិង្ហបុរី​ក្លាយជាប្រទេសទីមួយក្នុងតំបន់អាស៊ានដែលបានចាក់វ៉ាក់សាំងកូវីដ​-១៩​ដល់ពលរដ្ឋរបស់ខ្លួន។
តាមគម្រោង​បុគ្គលិកសុខាភិបាល នៅក្នុងមន្ទីរពេទ្យ​ជំងឺឆ្លងជាតិ សិង្ហបុរី នឹងទទួលបានការចាក់វ៉ាក់សាំង​មុនគេបង្អស់​ ព្រមទាំងក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យនានា។ បន្ទាប់មកពីមនុស្សចាស់មានវ័យពី៧០ឆ្នាំឡើងទៅ​។ ​ចំណែកពលរដ្ឋទូទៅនឹងទទួលបានការចាក់វ៉ាក់សាំងជាបន្តបន្ទាប់តាមគម្រោង ។ ការចាក់វ៉ាក់សាំងទាំងអស់គឺអត់គិតថ្លៃនោះឡើយ។ ការចាក់វ៉ាក់សាំងនឹងបញ្ចប់នៅចុងឆ្នាំ​២០២១ ។
លោក​​ Lawrence Wong ប្រធានកម្មវិធីទប់ស្កាត់កូវីដ​-១៩ របស់សិង្ហបុរីបានឲ្យដឹងថា «កម្មវិធីចាក់វ៉ាក់សាំងនឹងផ្តល់អាទិភាពដល់អ្នកនៅជួរមុខ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩ បន្ទាប់មកគឺមនុស្សចាស់។ ក្រោយមកយើងនឹងផ្តល់ព័ត៌មានដល់ពលរដ្ឋគ្រប់រូប ឲ្យមកចាក់វ៉ាក់សាំង ប្រសិនបើពលរដ្ឋយល់ព្រម ដោយការចាក់វ៉ាក់សាំងមិនមានការបង្ខិតបង្ខំឡើយ»។
កាលពីសប្តាហ៍កន្លងមក សិង្ហបុរី​បានទទួលវ៉ាក់សាំងដំបូងគេបង្អស់ពីក្រុមហ៊ុន Pfizer របស់អាមេរិក និងក្រុមហ៊ុន អាល្លឺមឺង់​។ សិង្ហបុរីបានចំណាយប្រាក់ដល់ទៅ​ជាង​១ពាន់លានដុល្លារសិង្ហបុរី ដើម្បីទិញវ៉ាក់សាំងពីក្រុមហ៊ុនដែលមានទំនុកចិត្តខ្ពស់​ ។
តាមសេចក្តីរាយការណ៍ របស់សារព័ត៌មាន ​TTXVN ប្រចាំនៅសិង្ហបុរី​​​ កញ្ញា ង្វៀងធី(Nguyen Thuy)បានរាយការណ៍ថា​​« ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ របស់សិង្ហបុរី​ បានធ្វើឡើងក្នុងពេលប្រទេសនេះ​បើកទ្វារឡើងវិញដំណាក់កាលទីបីនៅថ្ងៃទី២៨ខែធ្នូ ក្រោយរយៈពេលជិត​៦ខែនៃការលុបចោលវិធានការរឹតត្បិត»​៕

ដោយ៖ធី រីណា


ចែករំលែក៖