ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែការពារ Gabriel របស់ក្រុមកាំភ្លើងធំ Arsenal ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ចែករំលែក៖

សារព័ត៌មាន BBC Sport កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០បានឲ្យដឹងថា ខ្សែការពាររបស់ក្រុមជម្រើសជាតិប្រេស៊ីល Gabriel លេងនៅក្លិបកាំភ្លើងធំ Arsenal បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ក្រុមកាំភ្លើងធំ Arsenal បានប្រកាសថា កីឡាករវ័យ២៣ឆ្នាំរូបនេះកំពុងនៅដាច់ដោយឡែកពីគេបន្ទាប់ពីបានរកឃើញជំងឺនេះ និងកំពុងតាមដានដោយគ្រូពេទ្យជំនាញ កីឡាកររូបនេះក៏បានខកខានការបង្ហាញខ្លួនពេលប៉ះជាមួយក្រុម Chelsea និងត្រូវអវត្តមានសម្រាប់ការប្រកួតប៉ះ Brighton នៅថ្ងៃអង្គារនិង West Brom នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ

សេចក្តីថ្លែងការណ៍របស់ក្រុម Arsenal បានឲ្យដឹងថា Gabriel បានធ្វើតេស្តវិជ្ជមានជំងឺ Covid-19 ហើយកំពុងនៅដាច់ដោយឡែកពីគេ ទៅតាមពិធីសាររបស់រដ្ឋាភិបាលអង់គ្លេស និងក្របខ័ណ្ឌ Premier League ក្លិបនឹងបន្តតាមដាន និងគាំទ្រ Gabriel ហើយសង្ឃឹមថាគាត់នឹងអាចជាសះស្បើយបន្ទាប់ពីការប្រកួត២លើកបន្ទាប់របស់ក្លិប

ក្រុមកាំភ្លើងធំគ្រោងនឹងប្រឈមមុខជាមួយក្រុម Newcastle ដែលស្ថិតក្នុងក្របខ័ណ្ឌ Premier League ក្នុងជុំទី៣នៃពានរង្វាន់ FA Cup នៅថ្ងៃទី៩ ខែមករាខាងមុខ

ខ្សែការពារ Gabriel ដែលបានចុះកុងត្រាជាមួយក្រុមកាំភ្លើងធំពីក្រោយចេញពីក្លិប Lille កាលពីខែកញ្ញាក្នុងតម្លៃ២៣លានផោនទើបតែបានបង្ហាញខ្លួន បន្ទាប់ពីទទួលបានការហាមឃាត់ក្រោយទទួលបានកាតក្រហមក្នុងការប្រកួតជាមួយក្រុម Southampton កាលពីថ្ងៃទី១៦ ខែធ្នូ។

ដោយឡែកកីឡាករ២រូបទៀតរបស់ក្រុមកាំភ្លើងធំ គឺខ្សែការពារ David Luizនិងខ្សែបម្រើ Willian បានធ្វើតេស្តអវិជ្ជមានកាលពីចុងសប្តាហ៍មុន ដែលពួកគេទាំងពីរនាក់បានវិលត្រឡប់ទៅហ្វឹកហាត់ ហើយគ្រោងនឹងចូលរួមជាមួយក្រុមសម្រាប់ការប្រកួតថ្ងៃព្រហស្បតិ៍នេះដោយ៖ភារៈ


ចែករំលែក៖