អឺរ៉ុបបានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅថ្ងៃទី២៧ខែធ្នូឆ្នាំ២០២០ ហើយកម្មវិធីចាក់វ៉ាក់សាំងនេះធ្វើឡើងនៅក្នុងប្រទេសទាំង២៧ក្នុងសហគមន៍ ។ វ៉ាក់សាំងដែលអឺរ៉ុបប្រើប្រាស់ គឺជារបស់ក្រុមហ៊ុនPfizer / BioNTech ។ វ៉ាក់សាំងនេះទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់នៅថ្ងៃទី២១ ខែធ្នូ ។
នេះជាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំបំផុតនៅអឺរ៉ុប ដែលមានពលរដ្ឋ៤៥០លាននាក់រស់នៅ ។ បច្ចុប្បន្ន ប្រទេសដែលមានករណីឆ្លងច្រើនបានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដោយមិនរង់ចាំយូរទៀតឡើយ ដោយសង្ឃឹមថានឹងគ្រប់គ្រងបានក្នុងពេលឆាប់ៗ ដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញ។
ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងនេះ រដ្ឋាភិបាលអាលឺ្លម៉ង់បានប្រកាសថា ការចាក់វ៉ាក់សាំងគឺមិនបង្ខិតបង្ខំនោះឡើយ ប៉ុន្តែប្រសិនបើពលរដ្ឋទៅចាក់វ៉ាក់សាំងកាន់តែច្រើនគឺកាន់តែល្អដើម្បីទប់ស្កាត់ការឆ្លងរាលដាលយ៉ាងមានប្រសិទ្ធភាពបំផុត។ តាមការស្ទង់មតិនៅក្នុងប្រទេសអាល្លឺម៉ង់ មានពលរដ្ឋដល់ទៅ៦៥ភាគរយចង់ទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩។
នៅតំបន់អឺរ៉ុប មានប្រជាជនជាង ៤៥០លាននាក់ប៉ុណ្ណោះ ប៉ុន្តែមានចំនួនអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេ រហូតដល់២៣,៣លាននាក់ ក្នុងនោះមាន៨ប្រទេសមានករណីឆ្លងលើសពី១លាននាក់។ អ្នកស្លាប់មានដល់ទៅជាង៥៣៨ពាន់នាក់ ៕ដោយ៖ធី រីណា