ព័ត៌មានទាន់ហេតុការណ៍៖

បារាំង៖ ស្វាគមន៍ឆ្នាំថ្មីរថយន្តរាប់សិបគ្រឿងរងការដុតបំផ្លាញ

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានរថយន្តដល់ទៅ៣០ គ្រឿង រងការដុតបំផ្លាញនៅក្នុងទីក្រុង Strasbourg ប្រទេសបារាំង ក្នុងយប់ឆ្លងឆ្នាំ ឈានចូលឆ្នាំ២០២១។ កម្លាំងប៉ូលិសក៏បានឃាត់ខ្លួនមនុស្សជាច្រើននាក់ ពាក់ព័ន្ធការដុតបំផ្លាញរថយន្ត។
រូបភាពវីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គម បង្ហាញឲ្យឃើញ រថយន្តជាច្រើនគ្រឿងត្រូវភ្លើងឆេះ ដោយមានទាំងសំឡេងផ្ទុះផងដែរ។ មន្ត្រីរដ្ឋាភិបាលក្នុងទីក្រុង Strasbourg បានឲ្យដឹងថា ដោយសារតែកម្លាំងសន្តិសុខរឹតបន្តឹងការយាមល្បាត ទើបមានចំនួនរថយន្តរងការដុតបំផ្លាញតិចជាងបណ្តាឆ្នាំមុនៗ។ កាលពីឆ្នាំ២០១៩ មានរថយន្តដល់ទៅ២២០ រងការដុតបំផ្លាញក្នុងយប់ឆ្លងឆ្នាំ។ ប៉ុន្តែនៅក្នុងឆ្នាំនេះ មានរថយន្តតែ៣០គ្រឿងប៉ុណ្ណោះ រងការដុតបំផ្លាញ។
នៅក្នុងទីក្រុង Strasbourg បានអនុម័តច្បាប់រឹតត្បិតធ្វើដំណើរចាប់ពីម៉ោង២០ យប់ ដើម្បីទប់ស្កាត់ការជួបជុំគ្នា បង្កាឆ្លងរាលដាលកូវីដ-១៩ ។ កម្លាំងប៉ូលិសបានយាមល្បាតនៅតាមទីតាំងសំខាន់ ក្នុងទីក្រុង។ ការបាញ់កាំជ្រួចក៏ត្រូវបានហាមប្រាមផងដែរ។
បើទោះបីយាមល្បាតតឹងតែងតែ ក្រុមជ្រុលនិយមនៅតែជួបជុំគ្នា បង្កអសន្តិសុខ ដោយដុតរថយន្តជាច្រើនគ្រឿង។
បារាំងបានដាក់ពង្រាយកម្លាំងប៉ូលិស១សែននាក់ ទាហាន៣២ពាន់នាក់ និងក្រុមពន្លត់អគ្គិភ័យ៧ពាន់នាក់ ដើម្បីទប់ស្កាត់ ហេតុការណ៍អាក្រក់កើតឡើងក្នុងយប់ឆ្លងឆ្នាំ ទប់ស្កាត់ពលរដ្ឋបំពានច្បាប់។
ដោយឡែកក្នុងរដ្ឋធានីប៉ារីស មានកម្លាំងសន្តិសុខជិត ១ម៉ឺននាក់យាមល្បាត ។ ពលរដ្ឋត្រូវបានហាមប្រាមជួបជុំគ្នា ឆ្លងឆ្នាំ ហើយអ្នកដែលបំពាននឹងត្រូវផាកពិន័យជាទឹកប្រាក់ ១៣៥ អឺរ៉ូ (១៦៤ដុល្លារអាមេរិក)។ នៅថ្ងៃទី៣១ខែធ្នូ បារាំងរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ១៩៩២៧នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងកើនឡើងដល់ជាង២,៦លាននាក់ និងស្លាប់ជាង ៦៤.៦០០នាក់៕

ដោយ៖ធី រីណា


ចែករំលែក៖