នៅព្រឹកថ្ងៃទី១ខែមករាឆ្នាំ២០២១ អាកាសធាតុនៅទីក្រុង Milan ប្រទេសអុីតាលីធ្លាក់ត្រជាក់ក្រោម ០ អង្សាសេ បង្កឲ្យមានព្រិលធ្លាក់យ៉ាងក្រាស់។ ក្នុងពេលភ្ញាក់ពីដេក ព្រិលគ្របដណ្តប់ពេញមុខផ្ទះដំបូលផ្ទះ និងផ្លូវថ្នល់មិនអាចធ្វើដំណើរបានឡើយ។
នៅក្នុងទីក្រុងមានព្រិលធ្លាក់កម្រាស់ដល់ទៅ២០សង់ទីម៉ែត្រ។ រថយន្តក្រុង រថភ្លើងមកកាន់ទីក្រុង Milan ត្រូវបានផ្អាកដោយសារតែព្រិលធ្លាក់ក្រាស់ពេក។ ចរាចរណ៍នៅតំបន់ភាគខាងលិចទីក្រុងជួបផលលំបាកយ៉ាងខ្លាំង ដោយត្រូវជាប់គាំនៅមួយកន្លែងមិនអាចធ្វើដំណើរបាន។
ផ្លូវជាតិទៅកាន់ទីក្រុង Genoa ដែលជាទីក្រុងកំពង់ផែធំបំផុត របស់អុីតាលីក៏ត្រូវបិទ ហើយផ្លូវក្រោមដី Great St Bernard នៅតំបន់ព្រំដែនជាប់ប្រទេសស្វ៊ីស ក៏ត្រូវបិទផងដែរ។
ទន្ទឹមនិងផលប៉ះពាល់ ការធ្លាក់ព្រិលក៏បានបង្កឲ្យមានភាពសប្បាយរីករាយរបស់មនុស្សជាច្រើន ដែលចេញក្រៅលេងព្រិលបើទោះបីអាកាសធាតុត្រជាក់ក្តី។ ក្មេងៗនៅទីក្រុងMilan បានយកព្រិលពូនធ្វើជារូបផ្សេងៗយ៉ាងសប្បាយ។
មិនថានៅក្នុងប្រទេសអុីតាលីនោះឡើយគឺប្រទេសជាច្រើនផ្សេងទៀតក្នុងនោះមានអង់គ្លេស ក៏មានព្រិលធ្លាក់យ៉ាងក្រាស់នៅតំបន់ Gloucestershire, Worcestershire, Staffordshire, Birmingham និងStourbridge។ រដ្ឋាភិបាលបានស្នើឲ្យពលរដ្ឋស្នាក់នៅក្នុងផ្ទះមិនត្រូវចេញទៅខាងក្រៅឡើយបើមិនមានការចាំបាច់នោះ៕
ដោយ៖ធី រីណា