ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍, រយៈពេល៤ថ្ងៃកំលុងពេលឆ្លងឆ្នាំសកល កម្ពុជាទទួលបានភ្ញៀវទេសចរ ១លាន២៧មុឺននាក់

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានឱ្យដឹងថា ភ្ញៀវទេសចរដើរកម្សាន្តនាក្រោយឱកាសថ្ងៃឆ្លងឆ្នាំសកលសម្រាប់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ២០២០ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ មានចំនួន ១,២៧៩,១២៨ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១,២៦៨,០២៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១១,១០៣ នាក់។

សម្រាប់ថ្ងៃអាទិត្យ ទី៣ ខែមករា មានចំនួនប្រមាណ ១៣០,០០៧ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១២៦,១៦៨ នាក់ ភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ៣,៨៣៩ នាក់។

គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖

* រាជធានីភ្នំពេញ៖ ៥១៦,០៩៥ នាក់

* ខេត្តកំពត៖ ១៥២,១១៩ នាក់

* ខេត្តព្រះសីហនុ៖ ១៣៦,៣១៤ នាក់

* ខេត្តកែប៖ ៨៧,៧៣៧ នាក់

* ខេត្តសៀមរាប៖ ៧៧,៦១៨ នាក់

* ខេត្តកំពង់ស្ពឺ៖ ៤៦,០៣០ នាក់

* ខេត្តបាត់ដំបង៖ ៤២,៨៥០ នាក់

* ខេត្តកោះកុង៖ ៣១,៨៧៩ នាក់

* ខេត្តកំពង់ចាម៖ ២៧,១៨៧ នាក់

* ខេត្តកណ្តាល៖ ២៦,៩៤០ នាក់។

ដោយសារព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ចលនាទេសចរណ៍ផ្ទៃក្នុងនាឱកាសឆ្លងឆ្នាំសកលនេះ មានភាពផុលផុសច្រើននៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស បើទោះបីមិនមានការរៀបចំពិធីទទួលឆ្នាំថ្មី ការប្រគុំតន្រ្តី និងការជួបជុំជាទ្រង់ទ្រាយធំក៏ដោយ។

គ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍បានខិតខំអនុវត្តន៍តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី តាមគោលណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍។ ក្រុមការងាររបស់គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត បានចុះពិនិត្យ និងណែនាំដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដើម្បីបញ្ជៀសការជួបជុំទ្រង់ទ្រាយធំ និងកកកុញមានមនុស្សច្រើន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ពាក់ព័ន្ធជំងឺកូវីដ-១៩នេះ នៅមិនទាន់មានភាពពេញលេញទាំងស្រុងនៅឡើយ ពិសេសការរក្សាគម្លាតសុវត្ថិភាពនៅតាមគោលដៅទេសចរណ៍មួយចំនួនដែលមានលក្ខណៈប្រមូលផ្តុំច្រើន។ កិច្ចការនេះ ក្រសួងទេសចរណ៍នឹងបន្តការរៀបចំជាមួយរដ្ឋបាលរាជធានី-ខេត្តឲ្យកាន់តែម៉ឺងម៉ាត់បន្ថែមទៀត។

ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេក្នុងរយៈពេល៤ថ្ងៃនេះ។ រីឯការគ្រប់គ្រងសំរាមនៅតែជាបញ្ហាប្រឈម ជាពិសេសនៅយប់ឆ្លងឆ្នាំ ដោយប្រជាពលរដ្ឋមួយចំនួនមិនបានទុកសំរាមឲ្យបានត្រឹមត្រូវ ដោយទុកចោលនៅកន្លែងទទួលទានអាហារជុំគ្នា ពិសេសគោលដៅទេសចរណ៍ដែលមានការជួបជុំច្រើន ដូចជានៅតំបន់ឆ្នេរសមុទ្រ និងទីប្រជុំជនក្នុងរាជធានី-ខេត្តជាដើម ប៉ុន្តែរដ្ឋបាលរាជធានី-ខេត្តបានខិតខំចាត់កម្លាំងប្រមូលទុកដាក់សំរាមនេះនាព្រឹកបន្ទាប់ ដោយពុំធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពគោលដៅទេសចរណ៍ឡើយ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖