មេដឹកនាំសាសនាជាន់ខ្ពស់អុីរ៉ង់លោកAli Khamenei បានថ្លែងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ កាលពីយប់ថ្ងៃទី៨ខែមករាថា វ៉ាក់សាំងផលិតដោយអាមេរិក និងអឺរ៉ុបមិនគួរឲ្យទុកចិត្តឡើយ។
បើទិញវ៉ាក់សាំងពីប្រទេសទាំងនោះមកអាចធ្វើឲ្យអុីរ៉ង់កាន់តែមានករណីឆ្លងកើនឡើង។
លោកAli Khamenei បានហាមប្រាមនាំចូលវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ពីអាមេរិកនិងអង់គ្លេស ដោយសារតែវ៉ាក់សាំងទាំងនោះមិនគួរឲ្យទុកចិត្តឡើយ អាចក្លាយជាប្រភពចម្លងកូវីដ-១៩ ។
លោកAli Khamenei បានឲ្យដឹងថា អុីរ៉ង់និឹងទិញវ៉ាក់សាំងមកពីប្រទេសដែលមានទំនុកចិត្តជាង ប៉ុន្តែលោកមិនបានបញ្ជាក់ថាប្រទេសណាឡើយ ។ ប៉ុន្តែមានតែប្រទេសចិននិងរុស្ស៊ីប៉ុណ្ណោះដែលអុីរ៉ង់មានទំនុកចិត្ត ។
កាលពីចុងខែធ្នូ ឆ្នាំ២០២០ ក្រុមវេជ្ជសាស្ត្រអុីរ៉ង់ បានធ្វើតេស្តដំណាក់កាលចុងក្រោយវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ផលិតដោយប្រទេសអុីរ៉ង់ផ្ទាល់ ។ រដ្ឋាភិបាលអុីរ៉ង់ សង្ឃឹមថា វ៉ាក់សាំងផលិតក្នុងប្រទេសរបស់ខ្លួននិឹងយកឈ្នះទៅលើកូវីដ-១៩ ដោយមិនចាំបាច់ទិញមកពីខាងក្រៅ ។
ក្រសួងសុខាភិបាលអុីរ៉ង់ បានប្រកាសថា គិតដល់ថ្ងៃទី៨ ខែមករា នៅទូទាំងប្រទេសមានករណីឆ្លងកូវីដ-១៩ ដល់ទៅ 1.274.514 នាក់ និងស្លាប់56.018 ៕