ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រលប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១នេះ បានធ្វើលើកឡើងថា, យោងតាមការចុះផ្សាយអត្ថបទភាសាអង់គ្លេសរបស់សារព័ត៌មានខ្មែរថែម នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ដែលមានចំណងជេីងថា“ Quarantines inconsistent, Thai market closed to Cambodians – Khmer Times “ (khmertimeskh.com) ក្រសួងសុខាភិបាល សូមធ្វើការបញ្ជាក់ជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា សណ្ឋាគារដៃគូទាំងអស់ បានផ្តល់កិច្ចសហការយ៉ាងល្អ ក្នុងការទទួលអ្នកដំណើរជាជនបរទេស ឫខ្មែរ ស្នាក់នៅធ្វើចត្តាឡីស័ក ដោយគោរពតាមគោលការណ៍នានារបស់ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ករណីចុះផ្សាយរបស់សារព័ត៌មានខ្មែរថែម កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ (Quarantines inconsistent, Thai market closed to Cambodians – Khmer Times (khmertimeskh.com)) ធ្វេីឲ្យមានការយល់ច្រឡំលេីវិធានការសុខាភិបាល ដោយការមិនមានបង្ហាញពីប្រភពច្បាស់លាស់នៃហេតុការណ៏ ដែលក្រសួង ស្នើសុំសារព័ត៌មានខ្មែរថែម ផ្តល់អត្តសញ្ញាណអ្នកដំណើរ ពេលវេលា និងទីតាំងកេីតហេតុ ឱ្យបានច្បាស់លាស់មកក្រសួង ដើម្បីក្រុមការងារក្រសួងទទួលបន្ទុកការងារនេះ អាចធ្វើការទំនាក់ទំនង ស្វែងយល់លេីបញ្ហា ក៏ដូចជាជួយធ្វេីដំណោះស្រាយបានទាន់ពេលវេលា ឬសាមីខ្លួនអាចទំនាក់ទំនងសាកសួរព័ត៌មានច្បាស់លាស់មកទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ដើម្បីដោះស្រាយជូន ក្រោយពីបានសាកសួរនិងបញ្ជាក់ជាមួយសណ្ឋាគារ មិនទទួលបានលទ្ធផលច្បាស់លាស់។
អ្នកនាំពាក្យក្រសួងសុខាភិបាលបានលើកឡើងទៀតថា, ជាមួយគ្នានេះដែរ ព័ត៌មានអ្នកដំណើរដែលបានចុះផ្សាយ (ឈ្មោះ SEAN) ដែលសារព័ត៌មានខ្មែរថែម បានលេីកកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ នោះ ក្រសួង មិនអាចរកឃើញមាននៅក្នុងប្រព័ន្ធកម្មវិធីគ្រប់គ្រងអ្នកដំណើរឡេីយ ហើយសណ្ឋាគារពាក់ព័ន្ធដែលត្រូវបានលើកឡើងថាមានបញ្ហាដាក់នៅក្នុងសារព័ត៌មាននេះដែរ ក៏បានបញ្ជាក់មកក្រសួងរួចហេីយដែរថា មិនមានករណីដូចការចុះផ្សាយនេះទេ។
លោកស្រីវេជ្ជបណ្ឌិតបានបន្តថា, ដូចនេះ ក្រសួងសុខាភិបាល ស្នើសុំសារព័ត៌មានខ្មែរថែម ធ្វើការកែតម្រូវអត្ថបទចុះផ្សាយកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ (Quarantines inconsistent, Thai market closed to Cambodians – Khmer Times (khmertimeskh.com)) ហេីយត្រូវមានការបញ្ជាក់ឲ្យបានច្បាស់លាស់នូវសាច់រឿង សាមីដែលមានបញ្ហា ពេលវេលា និងទីតាំង ប្រកបដោយវិជ្ជាជីវៈ ដេីម្បីក្រសួង ជួយសម្របសម្រួល ក៏ដូចជាដោះស្រាយបញ្ហាបានទាន់ពេលវេលានៅទីកន្លែងដែលកេីតមានហេតុការណ៌ និងការស្ថាបនាជួយដល់ការអនុវត្តន៌វិធានការសុខាភិបាល ព្រមទាំងចូលរួមលុបបំបាត់ព័ត៏មានមិនត្រឹមត្រូវ ឫព័ត៌មានដែលមិនច្បាស់លាស់ ធ្វេីឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ដែលកំពុងតែប្រយុទ្ធនឹងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។ ប្រសិនបេីមានបញ្ហា ក្រសួងស្នេីសុំឲ្យសាមីខ្លួន ធ្វេីការទំនាក់ទំនងមកលេខ១១៥ ជាបន្ទាន់ ដេីម្បីជួយដោះស្រាយជូន បានទាន់ពេលវេលា។ សូមអរគុណ
ដោយ, សុខ ខេមរា