ខេត្តកំពត៖ បេីតាមចុះផ្សាយរបស់ទីភ្នាក់ងារAKP នៅព្រឹកថ្ងៃទី០៨ខែមករា ឆ្នាំ២០២១ បានដកស្រង់ប្រសាសន៍លោក សុខ គឹមជឿនប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពត បានបញ្ជាក់ថា ថ្វីត្បិតការផលិតអំបិលតាមសហគមន៍នីមួយៗ ធ្វើមិនបានគ្រប់ផ្ទៃដីនៃផែនការប៉ុន្តែទិន្នផលដែលទទួលបានប្រចាំឆ្នាំមិនបានថយចុះនោះទេ ហើយអំបិលដែលផលិតបាន ក៏អាចផ្គត់ផ្គង់ដល់ពលរដ្ឋនៅទូទាំងប្រទេសបានគ្រប់គ្រាន់ផងដែរ។
លោកសុខ គឹមជឿន បានបញ្ជាក់ទៀតថា ផ្ទៃដីសម្រាប់ផលិតអំបិលមានសរុប ៣,៧២១.០២ហិកតា មានក្រុមផលិត១៧៩ក្រុម ប៉ុន្តែក្នុងឆ្នាំ២០២០យើងផលិតបានត្រឹម ២,៨៥៧.២៣ ហិកតា និងមានក្រុមផលិតតែ១៣៩ក្រុម ដោយទទួលបានទិន្នផលសរុប ៨៣,៩៦៩.០៦៣តោនដោយយើងបានលក់ចែកចាយជាបន្តបន្ទាប់ ហើយក៏បានស្តុកទុកអំបិលនៅក្នុងឃ្លាំងចំនួន ១២,៦០១.៥៧៣ តោនផងដែរ។
ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពតរូបនេះ បានឱ្យដឹងទៀតថាក្នុងចំណោមផ្ទៃដីផលិតអំបិលសរុបខាងលើ យើងបានបែងចែកជា៦មណ្ឌល រួមមាន៖ ទី១–មណ្ឌលបឹងរូង១ ,ទី២–មណ្ឌលបឹងរូង២ ,ទី៣–មណ្ឌលសេះស, ទី៤–មណ្ឌលបឹងទូក, ទី៥–មណ្ឌលត្រើយកោះ និងទី៦–មណ្ឌលកំពង់ត្រាច។
បន្ថែមពីនេះ លោកសុខ គឹមជឿន បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២០ បើទោះជាការផលិតអំបិលមិនបានគ្រប់ទំហំ ផ្ទៃដីសរុបក៏ពិតមែន តែទិន្នផលអំបិលមានការកើនឡើងលើសពីឆ្នាំ២០១៩ ហើយការ ផលិតអំបិលនេះគឺសម្រាប់យកទៅផ្គត់ផ្គង់ទីផ្សារទូទាំងប្រទេស ដោយពុំមានការខ្វះខាតថែមទាំងបានស្តុកទុកក្នុងឃ្លាំងដើម្បីត្រៀមបង្ការផ្គត់ផ្គង់បន្ត ដោយមិនបានទិញពីប្រទេស ជិតខាងមកស្តុកទុកនោះឡើយ៕ដោយ៖សហការី