ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី៖ អបអរសាទរថ្ងៃបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២០-២០២១

ចែករំលែក៖

ភ្នំពេញ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បានថ្លែង អបអរសាទរថ្ងៃបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២០-២០២១ និងសូមប្អូនៗបន្តការយកចិត្តទុកដាក់ក្នុងការសិក្សា និងបន្តចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំយុវជន និងកីឡាក្នុងការអនុវត្តនូវទស្សនាទានថ្មី “គន្លងជីវិតថ្មីក្នុងវិស័យអប់រំ”  និងការណែនាំផ្សេងៗរបស់ក្រសួងសុខាភិបាលក្នុងការបន្តលើកកម្ពស់សុខភាពអនាម័យក្នុងបរិបទកូវីដ-១៩ ជាពិសេសការអនុវត្តតាមអភិក្រម “៣ការពារ ៣កុំ” ក្នុងគ្រឹះស្ថានសិក្សារបស់យើង។

លោក ហ៊ុន ម៉ានី បានលើកឡើងផងដែរថា, រយៈកាលកន្លងមកនេះ ស.ស.យ.ក. បានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រវិធានការណ៍ទាំងឡាយរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងកូវីដ-១៩ និយាយជារួម និងក្នុងវិស័យអប់រំ និយាយដោយឡែក តាមរយៈការផ្សព្វផ្សាយ និងកិច្ចសហការនានាក្នុងការជួយសម្របសម្រួលដល់ការរៀនសូត្រតាមប្រព័ន្ធអនឡាញជាដើម។

យើងមានសុទិដ្ឋិនិយមថា ឆ្នាំសិក្សានេះនឹងប្រព្រឹត្តទៅបានរលូន សុវត្ថិភាពប្រកបដោយជោគជ័យ។ សូមគណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សចូលរួមទាំងអស់គ្នា បន្តអនុវត្តវិធានសុខាភិបាលឱ្យបានម៉ឺងម៉ាត់ រស់នៅតាមបែបបទគន្លងថ្មី ដើម្បីចៀសផុតពីការយាយីទាំងឡាយពីជំងឺកូវីដ-១៩។

សូមជម្រាបជូនថា, សហភាពសហព័ន្ធយុវជនកម្ពុជា តែងបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងអប់រំ និងសកម្មភាពមនុស្សធម៌ ជាច្រើនប្រកបដោយឆន្ទៈ ទទួលខុសត្រូវ ក្នុងនាមជាអ្នកដឹកនាំជំនាន់ក្រោយ៕

ដោយ៖សិលា


ចែករំលែក៖