ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសដំបូងគេនៅលើពិភពលោកបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​រួចរាល់

ចែករំលែក៖

ប្រទេសកោះ​Palau ស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិក​ មិនត្រឹមតែមិនមានករណីឆ្លងកូវីដ-១៩នោះទេ គឺជាប្រទេសតែមួយគត់នៅលើពិភពលោកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់ ។
សាធារណរដ្ឋPalau ស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិក មានពលរដ្ឋរស់នៅសរុប១៨ពាន់នាក់ ទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ដំបូងគេពីក្រុមហ៊ុនផលិតឱសថ Moderna នៅថ្ងៃទី៩ខែមករាឆ្នាំ ២០២១។ ក្រសួងសុខាភិបាល Palau បានប្រកាសនៅថ្ងៃទី ១០ខែមករាថា វ៉ាក់សាំងដែលបានផ្តល់ជូន​២៨០០​ដូសបានចាក់ជូន ពលរដ្ឋរួចរាល់ ។ តាមក្រសួងសុខាភិបាល ​បុគ្គលិកពេទ្យ និងបុគ្គលងាយរងគ្រោះ​ទទួលបានការចាក់វ៉ាក់សាំងមុនគេ ។
តាមអង្គការសុខភាពពិភពលោក មកទល់ពេលនេះប្រទេស Palau មិនទាន់មានករណីឆ្លងកូវីដ​-១៩ ម្នាក់ណាឡើយ ។ ចាប់តាំងពីការផ្ទុះកូវីដ​-១៩មក ប្រទេស ​Palau បានបិទព្រំដែនតាំងពីខែមីនា ហើយធ្វើតេស្តជូនពលរដ្ឋទាំងអស់។
ជាប្រទេសឯករាជ្យ មានទំនាក់ទំនងដោយសេរីជាមួយទីក្រុងវ៉ាស៊ីនតោន ប្រទេស​Palau ទទួលបាន​អាទិភាពនៅក្នុងកម្មវិធីចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់អាមេរិក​។ ប្រទេសកោះមួយនេះមានទំហំ 459 គីឡូម៉ែត្រក្រឡាតែប៉ុណ្ណោះ។ ដោយប្រទេសតូច ពលរដ្ឋតិច​ ប្រទេសនេះនឹងក្លាយជាប្រទេសដែលបានចាក់វ៉ាក់សាំងរួចរាល់មុនគេបង្អស់លើពិភពលោក។
ប្រទេស Palau បានជ្រើសយកវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ដោយវ៉ាក់សាំងនេះអាចរក្សាទុកក្នុងទូទឹកកកធម្មតាបាន មិនដូចជាវ៉ាក់សាំងរបស់ក្រុមហ៊ុនPfizer គឺត្រូវរក្សា​នៅក្នុងអាកាសធាតុត្រជាក់ក្រោមសូន្យ ដល់ទៅ -៧០អង្សាសេនោះទេ៕

ដោយ៖ធី រីណា(រូបភាព៖AFP)


ចែករំលែក៖