ព័ត៌មានទាន់ហេតុការណ៍៖

FBI ព្រមានពីការធ្វើបាតុកម្ម ប្រដាប់អាវុធនៅទូទាំងប្រទេសអាមេរិកនាសប្តាហ៍ក្រោយ

ចែករំលែក៖

ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ Federal Bureau of Investigation (FBI) ទទួលបានព័ត៌មាន​ស្តីពីគម្រោងធ្វើបាតុកម្ម ប្រដាប់អាវុធនៅទូទាំងសហរដ្ឋអាមេរិកក្នុងថ្ងៃលោកបៃឌិនស្បថចូលកាន់តំណែងប្រធានាធិបតីនាថ្ងៃទី២០ខែមករា។
តាមសារព័ត៌មាន AP និង CNN បានផ្សាយថា តាមព័ត៌មានដែលក្រុម FBI ទទួលបាន ក្រុមបាតុករ នឹងនាំគ្នាដង្ហែក្បួន​នៅថ្ងៃទី​២០ខែមករា ឆ្នាំ​២០២១។ ក្រុមអ្នកស្រាវជ្រាវ​ជឿជាក់ថា មានក្រុមចូលរួមធ្វើបាតុកម្មប្រដាប់អាវុធជាសមាជិកក្រុមឧទ្ទាម ។
មន្ត្រី FBI បានឲ្យដឹងថា ក្រុមបាតុករប្រដាប់អាវុធ បានឡើងគម្រោងធ្វើបាតុកម្មនៅរដ្ឋទាំង​៥០ ចាប់ពីថ្ងៃទី១៦ខែមករា​ឆ្នាំ២០២១​​ រហូតដល់ថ្ងៃទី​២០ខែមករា គឺជាថ្ងៃដែលលោកបៃឌិន​ស្បថចូលកាន់តំណែង​​។ ជាមួយគ្នានេះក្រុមបាតុករ មានគម្រោងធ្វើបាតុកម្មនៅថ្ងៃទី​១៧ ដល់ថ្ងៃទី២០ខែមករា ។
ព័ត៌មានខាងលើបង្កក្តីបារម្ភយ៉ាងខ្លាំងពីការបង្ហូរឈាមកាន់តែច្រើននៅថ្ងៃលោកបៃឌិនឡើងកាន់តំណែង​។ តាមព័ត៌មានពីFBI ​នឹងមានការបះបោរកើតឡើង​ ប្រសិនបើប្រធានាធិបតីត្រាំ ត្រូវដកហូតតំណែង​ ។
ក្រុម​ FBI ​បានលើកឡើងថា តាមព័ត៌មានទទួលបាន ក្រុមបាតុករនឹងអុកឡុក​រំខានដល់ការស្បថចូលកាន់តំណែង​។​ ក្រុមបាតុករក៏មានគម្រោង​វាយប្រហារទីតាំង​អគាររដ្ឋាភិបាលនៅតាមបណ្តារដ្ឋនានាដែរ។
នៅពេលនេះ ក្រុមសន្តិសុខអាមេរិក ព្រមទាំងកម្លាំងទាហាន​បានបង្កើនសកម្មភាពការពារទប់ស្កាត់ ការវាយប្រហារពីក្រុមបាតុករ​៕

ដោយ៖ធី រីណា(រូបភាព៖AP)


ចែករំលែក៖