ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធម្មការណែនាំពុទ្ធបរិស័ទចូលរួមប្រារព្ធពិធីបុណ្យមាឃបូជាដោយអនុវត្តតាមវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានធ្វើការណែនាំដល់មន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត ថ្នាក់ដឹកនាំសង្ឃនៅតាមទីអារាម ព្រមទាំងប្រជាពុទ្ធបរិស័ទចូលរួមប្រារព្ធពិធីបុណ្យមាឃបូជា ឲ្យបានអធិកអធម ហើយត្រូវអនុវត្តវិធានការក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ-១៩។នេះបើយោងតាមសេចក្ដីណែនាំរបស់ក្រសួងធម្មការនិងសាសនាកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។

      ក្រសួង បានឲ្យដឹងថា ពុទ្ធបរិស័ទត្រូវបន្ដការរស់នៅធម្មតាតាមបែបបទគន្លងថ្មី ដោយអនុវត្តន៍នូវវិធានការដូចជា ៖ ពាក់ម៉ាស់ លាងដៃញឹកញាប់ជាមួយសាប៊ូ អាល់កុល រក្សាគម្លាតសុវត្ថិភាពសង្គមបុគ្គលចាប់ពី១ម៉ែត្រកន្លះឡើងទៅឲ្យបានគ្រប់ៗគ្នា នៅគ្រប់កន្លែង គ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។

  ក្រសួងធម្មការបញ្ជាក់ថា សូមធ្វើការណែនាំទៅគ្រប់មន្ទីរធម្មការ និងសាសនា រាជធានី-ភ្នំពេញ ត្រូវចាត់តាំងវត្តអារាម រៀបចំពិធីបុណ្យមាឃបូជាឲ្យបានមហោឡារិក ស្របតាមទំនៀមទម្លាប់ និងប្រពៃណីជាតិ និងជ្រើសតាំងវត្តអារាមណាមួយប្រារព្ធពិធីបុណ្យមាឃបូជា ជាផ្លូវការ ដោយត្រូវអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងវិធាននានារបស់ ក្រសួងសុខាភិបាល ជាពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។

       ក្រសួងធម្មការ និងសាសនា សង្ឃឹម និងជឿជាក់លើស្មារតីទទួលខុសត្រូវរបស់លោកប្រធានមន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត សហការជាមួយព្រះមេគណ ព្រះអនុគណគ្រប់ស្រុក-ខណ្ឌ-ក្រុង ព្រះចៅអធិការគ្រប់វត្ត អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដើម្បីចាត់ចែងអនុវត្តសេចក្ដីណែនាំនេះឲ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ។

      បុណ្យ មាឃបូជា គឺជាបុណ្យមួយក្នុងបណ្ដាបុណ្យធំៗទាំងឡាយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកាន់ព្រះពុទ្ធសាសនាលើសកលលោកតែងតែប្រារព្ធធ្វើពុំដែលខាន។ ពិធីនេះប្រារព្ធធ្វើឡើងដើម្បីរម្លឹកដល់អភិលក្ខិតសម័យទាំងពីរ នៃសាសនាព្រះសម្មាសម្ពុទ្ធបរមគ្រូ ដែលកើតឡើង នៅថ្ងៃពេញបូណ៌មី ខែមាឃដូចគ្នា គឺថ្ងៃប្រជុំចតុរង្គសន្និបាត និងថ្ងៃដែលព្រះអង្គទ្រង់ប្រកាសដាក់ព្រះជន្មាយុសង្ខារ។ ជារៀងរាល់ឆ្នាំ ពុទ្ធសាសនិកខ្មែរ តែងតែប្រារព្ធធ្វើបុណ្យមាឃបូជានេះនៅគ្រប់វត្តអារាមទូទាំងប្រទេសដោយចាត់ ទុកថា ជាការបំពេញកុសលដ៏ថ្លៃថ្លាបំផុត។

     បន្ថែមពីនេះទៀត ពិធីបុណ្យ មាឃបូជា នៅឆ្នាំ២០២១នេះ នឹងត្រូវប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ នាថ្ងៃព្រហស្បតិ៍ ១៥កើត និងថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។

      សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានចាត់ចែងរៀបចំកម្មវិធីបុណ្យនេះ នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧដុង្គ) ស្រុកពញាឮ ខេត្តកណ្ដាល ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ អ្នកមុខអ្នកការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស សីលវន្ត សីលវតី និងពុទ្ធបរិស័ទចូលរួមបំពេញកុសលតាមប្រពៃណីព្រះពុទ្ធសាសនា ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ៕ 

ដោយ៖សំរិត


ចែករំលែក៖