ខេត្តកំពង់ធំ៖ ដោយសារតែវិបត្តិផ្លូវចិត្តរឿងជំពាក់ប្រាក់ធនាគារធ្វើឲ្យនារីម្នាក់បង្ខំចិត្តលេបថ្នាំសម្លាប់ខ្លួន។
ហេតុការណ៍ខាងលើនេះកើតឡើងនៅវេលាម៉ោង១៣និង០០នាទីថ្ងៃទី១៣ ខែ មករា ឆ្នាំ២០២១នៅលើផ្ទះជនរងគ្រោះស្ថិតនៅក្នុងភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ សៀង ស្រីនិច ភេទស្រី អាយុ២២ឆ្នាំជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ ។
បើយោងតាមការបំភ្លឺរបស់ឈ្មោះ សៀង ស្រីនាង ត្រូវជាប្អូនបង្កើតរបស់សពបានអះអាងថា មុនពេលកើតហេតុជនរងគ្រោះ និងរូបខ្លួននៅអង្គុយលេងលើផ្ទះជាមួយគ្នា លុះដល់ម៉ោងប្រហែល១០និង៣០នាទី ខ្លួនបបួលបងទៅហូបបាយទាំងអស់គ្នា តែជនរងគ្រោះមិនព្រមទៅហើយនៅដេកលើផ្ទះតែម្នាក់ឯង។
រហូតដល់ម៉ោងប្រហែល១២និង៥៥នាទីប្អូនប្រុសអាយុ៥ឆ្នាំរបស់ខ្លួនឡើងទៅលើផ្ទះឃើញបងស្រីដេកមិនដកដង្ហើមក៏ស្រែកហៅរូបខ្លួនឲ្យទៅមើល។ ពេលខ្លួនឡើងទៅមើលទើបដឹងថាបងស្រីបានស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុ សាច់ញាតិជនរងគ្រោះបានរាយការណ៍ទៅសមត្ថកិច្ច។ ក្រោយមកសមត្ថកិច្ចនិងអាជ្ញាធរដែនដីបានសហការជាមួយប្រធានមណ្ឌលសុខភាពឃុំបល្ល័ង្កបានចុះទៅពិនិត្យសាកសពដើម្បីធ្វើកោសល្យវិច័យ។ ពេលពិនិត្យសមត្ថកិច្ចរកឃើញថ្នាំគ្រាប់ពណ៌ស (គ្រាប់តូចៗមូល) ចំនួន២គ្រាប់ដែលជាប្រភេទថ្នាំងងុយដេកនៅក្បែរខ្លួនសព ហើយនៅលើដងខ្លួនពុំមានស្លាកស្នាមអ្វីគួរឲ្យកត់ សម្គាល់ឡើយ។
តាមការសនិដ្ឋានរបស់លោកគ្រូពេទ្យមណ្ឌលសុខភាព និងសមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះពិតជាធ្វើអត្តឃាត ដោយលេបថ្នាំងងុយដេកប្រាកដមែន(ប្រមាណជាង២០គ្រាប់)ទើបបណ្ដាលឱ្យស្លាប់បែបនេះ។ ក្រោយពិនិត្យចប់សព្វគ្រប់បានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ ស សម