ព័ត៌មានទាន់ហេតុការណ៍៖

គណៈរដ្ឋមន្ត្រីគុយវ៉ែតដាក់លិខិតលាលែងចេញពីតំណែង

ចែករំលែក៖

សារព័ត៌មានគុយវ៉ែត KUNA នៅថ្ងៃទី១៣ខែមករា បានផ្សាយថា ​នាយករដ្ឋមន្ត្រីគុយវ៉ែត លោក​Sabah al-Khalid al-Sabah និងគណៈរដ្ឋមន្ត្រី បានដាក់លិខិតសុំលាលែងចេញពីតំណែងឡើងទៅកាន់ព្រះមហាក្សត្រ Nawaf al-Admed al Sabah ។
កាលពីថ្ងៃទី​១២ខែមករា នាយករដ្ឋមន្ត្រីSabah al-Khalid al-Sabah បានជួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ ព្រមទាំងបណ្តារដ្ឋមន្ត្រី​ ស្តីពីសំណើលាលែងចេញពីតំណែង។ សកម្មភាពខាងលើ កើតឡើងក្រោយពេលរដ្ឋាភិបាល និងរដ្ឋសភា មិនចុះសម្រុងនិឹងគ្នាជុំវិញផលប្រយោជន៍របស់ជាតិ។
លោក​ Sabah al-Khalid al-Sabah កាន់តំណែងជានាយករដ្ឋមន្ត្រីគុយវ៉ែតតាំងពីចុងឆ្នាំ ២០១៩ ។ លិខិតលាលែងពីតំណែងរបស់រដ្ឋាភិបាល រង់ចាំព្រះមហាក្សត្រឡាយព្រះហស្តមុនពេលគណៈរដ្ឋមន្ត្រីថ្មីត្រូវបានបង្កើតឡើង​។
កាលពីឆ្នាំ​២០១៩ គណៈរដ្ឋមន្ត្រីគុយវ៉ែតក៏បានដាក់លិខិតលាលែងចេញពីតំណែងឡើងទៅកាន់ព្រះមហាក្សត្រ ហើយក៏បានបង្កើតរដ្ឋាភិបាលថ្មីវិញ​ ដឹកនាំដោយលោកSabah al-Khalid al-Sabah​​។
តាមការណ៍ពិត​គណៈរដ្ឋមន្ត្រី​ និង​សភាគុយវ៉ែត គឺជាស្ថាប័នពីរផ្សេងគ្នាហើយតែងតែតាមដានគ្នា ទើបឈានដល់ការកែទម្រង់រដ្ឋាភិបាលជាបន្តបន្ទាប់​ ឬក៏សភាត្រូវរំលាយ​។​ការសំុលាលែងចេញពីតំណែងនៅពេលនេះ អាចនឹងទទួលបានការយល់ព្រមពីព្រះមហាក្សត្រដើម្បីបង្កើតរដ្ឋាភិបាលថ្មីជាបន្តទៀត៕

ដោយ៖ធី រីណា(រូបភាព៖AFP/TTXVN)


ចែករំលែក៖