ភ្នំពេញ៖ លោក ដួង តារា រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានបង្ហោះសារ លើ facebook ផ្លូវការរបស់លោក អំពីសកម្មភាពរបស់ក្រុមជនទុច្ចរិត មកកាច់កញ្ចក់រថយន្តរបស់គាត់ទាំងសងខាង និងយកដុំថ្មគប់កញ្ចក់ ដែលបង្ហាញអំពីក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាព។
លោក ដួង តារា បានបញ្ជាក់យ៉ាងដូច្នេះថា, លេីកទី២ហេីយដែលចោរមកបំផ្លាញដល់ផ្ទះ។
លោកបន្តថា, ភ្ញាក់ពីគេងឃេីញរថយន្តត្រូវបានបំផ្លាញដោយចោរ ពិតគួរអោយសោកស្តាយយ៉ាងខ្លាំង។
ខ្ញុំសារកាមេរ៉ាមេីលយប់មិញរវាងម៉ោង 1:30 យប់ មានចោរពាក់ម៉ាស់ បានមកលួចកាច់កញ្ចក់ឡានខ្ញុំទាំងសងខាង ហេីយយកដុំថ្មបំបែកកញ្ចក់ឡានខាងស្តាំដែលចតនៅមុខផ្ទះដែលខ្ញុំកំពុងរស់នៅសព្វថ្ងៃ។ កាលពីខ្ញុំមកនៅទីនេះដំបូងក៏ធ្លាប់មានចោរចូលពីលេីដំបូលផ្ទះមកក្នុងផ្ទះ។ គួរអោយសោកស្តាយចំពោះអ្វីដែលបានកេីតឡេីងសម្រាប់ខ្ញុំ ខ្ញុំពិតជាមានការបារម្ភចំពោះសុវត្ថិភាពរស់នៅ។
សូមបញ្ជាក់ថា, លោក ដួង តារា មួយរយៈនេះ បានបំពេញការងារដោះស្រាយបញ្ហាវិវាទដីធ្លី ក្រៅប្រព័ន្ធតុលាការ ទទួលភាពជោគជ័យច្រើន តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺឈ្នះឈ្នះ ទាំងអស់គ្នា។
អ្វីដែលកើតឡើងចំពោះលោកចំនួនពីរលើកនេះ បានក្លាយទៅជាក្តីព្រួយបារម្ភមួយ ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ក្នុងការរស់នៅ៕
ដោយ៖ សុខ ខេមរា