ខេត្តកំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា នៅស្រុកភ្នំស្រួច ក្នុងឃុំដំបូករូង មានករណីសត្វក្របីមួយក្បាលរត់ដេញវ័ធប្រជាពលរដ្ឋ នៅក្នុងភូមិដំណាក់ត្រាច នាវេលាម៉ោង៦:៣០នាទីព្រឹក ថៃ្ងទី១៥ ខែមករា ឆ្នាំ២០២១នេះ ។
តាមការបញ្ជាក់ពីម្ចាស់សត្វក្របីឈ្មោះ ផូ លាង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិដំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានរៀបរាប់ប្រាប់ថា កាលពីថៃ្ងទី១០ ខែមករា ឆ្នាំ២០២១ គាត់បានទិញក្របីឈ្មោល១ក្បាលពីខេត្ដកោះកុង ដេីម្បីយកមកចិញ្ចឹម ប៉ុន្ដែពេលដឹកមកដល់ផ្ទះបាន៤ថៃ្ងស្រាប់តែក្របីនេះ មានសភាពកាចសាហាវដេញជល់ដេញវ័ធប្រជាពលរដ្ឋក្នុងភូមិ ជាពិសេសគាត់ជាម្ចាស់ដែលបានដាក់ស្មៅឱ្យវាសុីក៏ត្រូវវាជល់ផងដែរ ។
បច្ចុប្បន្នក្របីមួយក្បាលនេះបានបោលចូលព្រៃខាងក្រោយភូមិ និងសំណូមពរដល់សមត្ថកិច្ចមេត្ដាជួយធ្វើអន្ដរាគមន៍បន្ទាន់ ពិសេសជំនាញសត្វព្រៃជួយចាប់និងអាចឈានទៅសម្លាប់ក្នុងករណីមិនអាចគ្រប់គ្រងបាន ព្រោះក្របីមួយក្បាលនេះអាចបង្កហានិភ័យដល់សុវត្ថិភាពប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលេី ៕ ដោយ៖ ស សម