ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល​៦ថ្ងៃជាប់គ្នា ​ចិនមានករណីឆ្លង​កូវីដ​-១៩ លើសពី​១០០នាក់ក្នុងមួយថ្ងៃ

ចែករំលែក៖

គណៈកម្មការសុខាភិបាលចិនបានប្រកាសថា ​បានរកឃើញអ្នកឆ្លងកូវីដ​-១៩​ថ្មី ចំនួន​១០៩នាក់។ នេះជាថ្ងៃទី៦ជាប់គ្នា ដែលចិន​មានអ្នកឆ្លងជាង​១០០នាក់ក្នុងមួយថ្ងៃ ភាគច្រើនជាអ្នកឆ្លងនៅក្នុងសហគមន៍​។
ចំនួនអ្នកឆ្លងកើនឡើងបង្កក្តីបារម្ភយ៉ាងខ្លាំង ដោយចូលឆ្នាំចិនជិត​មកដល់ ពលរដ្ឋរាប់រយលាននាក់​នឹងត្រូវធ្វើដំណើរទៅជួបជុំគ្រួសារ ក្នុងឱកាសចូលឆ្នាំ ។ កាលពីឆ្នាំកន្លងមក ចិនបានកាត់បន្ថយ សកម្មភាពជួបជុំក្នុងបុណ្យចូលឆ្នាំ ដោយសារតែការឆ្លងរាលដាលកូវីដ​-១៩ ។
បច្ចុប្បន្ន នៅតំបន់ជាច្រើនក្នុងប្រទេសចិនត្រូវបានដាក់ក្នុងស្ថានភាពអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩ ។ ពលរដ្ឋ ប្រមាណ២៩លាននាក់នៅក្នុងខេត្ត​Jilin ត្រូវ​ស្ថិតនៅក្នុង​ច្បាប់បម្រាមគោចរ ។ តំបន់ចំនួន​១១​ នៅក្នុងខេត្ត ហូប៊ី Jilin បានអនុម័តច្បាប់បិទតំបន់ទាំងមូល ទប់ស្កាត់ការឆ្លងកូវីដ-១៩ ។
សារព័ត៌មានស៊ីនហួនៅថ្ងៃទី ១៨ខែមករា​បានផ្សាយថា មន្ត្រីរដ្ឋាភិបាលទីក្រុងហូប៊ី​​ នឹងផាកពិន័យជនណាដែលបំពានច្បាប់បិទតំបន់ ។ ពិធីជួបជុំគ្នា ដូចជា រៀបអាពាហ៍ពិពាហ៍​​​ ខួបកំណើតនឹងត្រូវហាមប្រាម​។
នៅក្នុងខេត្ត ជីលីន​ ក៏បានរកឃើញ​ចំនួនអ្នកឆ្លងកើនឡើងខ្ពស់ដែរ គឺដល់ទៅ៣០នាក់ថ្មី បានបង្កក្តីបារម្ភយ់ាងខ្លាំង​​។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលក្នុងតំបន់បានចាត់វិធានការតឹងតែងបំផុតដើម្បីទប់ស្កាត់ការឆ្លងរាលដាលជាថ្មី ៕

ដោយ៖ធី រីណា(រូបភាព៖Reuters )


ចែករំលែក៖