គណៈកម្មការសុខាភិបាលចិនបានប្រកាសថា បានរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន១០៩នាក់។ នេះជាថ្ងៃទី៦ជាប់គ្នា ដែលចិនមានអ្នកឆ្លងជាង១០០នាក់ក្នុងមួយថ្ងៃ ភាគច្រើនជាអ្នកឆ្លងនៅក្នុងសហគមន៍។
ចំនួនអ្នកឆ្លងកើនឡើងបង្កក្តីបារម្ភយ៉ាងខ្លាំង ដោយចូលឆ្នាំចិនជិតមកដល់ ពលរដ្ឋរាប់រយលាននាក់នឹងត្រូវធ្វើដំណើរទៅជួបជុំគ្រួសារ ក្នុងឱកាសចូលឆ្នាំ ។ កាលពីឆ្នាំកន្លងមក ចិនបានកាត់បន្ថយ សកម្មភាពជួបជុំក្នុងបុណ្យចូលឆ្នាំ ដោយសារតែការឆ្លងរាលដាលកូវីដ-១៩ ។
បច្ចុប្បន្ន នៅតំបន់ជាច្រើនក្នុងប្រទេសចិនត្រូវបានដាក់ក្នុងស្ថានភាពអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ ពលរដ្ឋ ប្រមាណ២៩លាននាក់នៅក្នុងខេត្តJilin ត្រូវស្ថិតនៅក្នុងច្បាប់បម្រាមគោចរ ។ តំបន់ចំនួន១១ នៅក្នុងខេត្ត ហូប៊ី Jilin បានអនុម័តច្បាប់បិទតំបន់ទាំងមូល ទប់ស្កាត់ការឆ្លងកូវីដ-១៩ ។
សារព័ត៌មានស៊ីនហួនៅថ្ងៃទី ១៨ខែមករាបានផ្សាយថា មន្ត្រីរដ្ឋាភិបាលទីក្រុងហូប៊ី នឹងផាកពិន័យជនណាដែលបំពានច្បាប់បិទតំបន់ ។ ពិធីជួបជុំគ្នា ដូចជា រៀបអាពាហ៍ពិពាហ៍ ខួបកំណើតនឹងត្រូវហាមប្រាម។
នៅក្នុងខេត្ត ជីលីន ក៏បានរកឃើញចំនួនអ្នកឆ្លងកើនឡើងខ្ពស់ដែរ គឺដល់ទៅ៣០នាក់ថ្មី បានបង្កក្តីបារម្ភយ់ាងខ្លាំង។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលក្នុងតំបន់បានចាត់វិធានការតឹងតែងបំផុតដើម្បីទប់ស្កាត់ការឆ្លងរាលដាលជាថ្មី ៕
ដោយ៖ធី រីណា(រូបភាព៖Reuters )