ភ្នំពេញ៖ អាកាសធាតុសម្រាប់ រដូវប្រាំង និងដើម រដូវវស្សា ឆ្នាំ ២០២១ នេះ នឹងអាចមានលក្ខណៈអំណោយផលល្អ។
នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ស្តីពី ការព្យាករអាកាសធាតុលើកទី ១ សម្រាប់រដូវប្រាំង (២០២០-២០២១) និងដើមរដូវវស្សា ឆ្នាំ ២០២១។
ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា, បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករណ៍ លើស្ថានភាពអាកាសធាតុរួចមក ក្រសួង ធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជន ឲ្យបានជ្រាប អំពីស្ថានភាព អាកាសធាតុ សម្រាប់រដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ ២០២១ ដូចខាងក្រោម ៖
១- បាតុភូតសកល ៖
ផ្អែកតាមការវាយតម្លៃពីអន្តរជាតិ ក៏ដូចជាតំបន់ស្តីពីស្ថានភាពសីតុណ្ហភាពលើផ្ទៃ សមុទ្រប៉ាស៊ីហ្វិកក្បែរខ្សែអេក្វាទ័រ បានបង្ហាញឲ្យឃើញថា កម្ពុជាយើង នឹងទទួលនូវឥទ្ធិពលពី បាតុភូតអែនសូ (ENSO) ៗ ជាស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន តាមរយៈនៃការវាយតម្លៃនេះ បាតុភូតធម្មជាតិដែលមានឥទ្ធិពលមកលើអាកាសធាតុព្រះរាជាណាចក្រកម្ពុជាមាន បាតុភូត La Nina ( ត្រជាក់ ) មាន ៥០ % និង Neutral (ចន្លោះភាពក្តៅ និងត្រជាក់) មាន ៥០ % ។ ពិនិត្យ ឥទ្ធិពលនៃបាតុភូតទាំងពីរខាងលើឃើញថា ស្ថានភាពអាកាសធាតុសម្រាប់ រដូវប្រាំង និងដើម រដូវវស្សា ឆ្នាំ ២០២១ នេះ នឹងអាចមានលក្ខណៈអំណោយផលល្អ ។
២- រដូវប្រាំង ៖
២.១- សីតុណ្ហភាព ៖
– សីតុណ្ហភាពអាចទាប ឬប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំ ។
– នៅក្នុងខែកុម្ភៈ ៖ បណ្តាខេត្តនៅតំបន់ទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមានឹងអាច ស្ថិតនៅក្នុងរង្វង់ពី ១៦-១៥ °C ។ នៅតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ សីតុណ្ហភាពអប្ប បរមានឹងអាចស្ថិតនៅក្នុងរង្វង់ពី ១៣-១៦ °C ដោយឡែកសម្រាប់តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមានឹងអាចស្ថិតក្នុងរង្វង់ពី ១៩-២២ °C ។
– ចាប់ពីខែមីនា ដល់ខែមេសា ៖ ធាតុអាកាសនឹងកើនកម្តៅជាបន្តបន្ទាប់ ។ ក្នុងនោះ បណ្តាខេត្តនៅតំបន់ទំនាបកណ្ដាល សីតុណ្ហភាពមធ្យមអតិបរមាអាចនឹងកើនឡើង ពី ៣៤-៣៧ °C ។ នៅតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ សីតុណ្ហភាពមធ្យមអតិបរមាអាច នឹងកើនឡើងពី ៣៣-៣៦ °C ដោយឡែកសម្រាប់តំបន់មាត់សមុទ្រ សីតុណ្ហភាព មធ្យមអតិបរមាអាចនឹងកើនឡើងពី ៣០-៣៣ °C ។
– ខែមេសា និងដើមខែឧសភា ៖ កម្រិតសីតុណ្ហភាពអតិបរមាអាចនឹងកើនឡើងខ្ពស់
បំផុតក្នុងរង្វង់ ៣៩ °C ។
២.២- ទឹកភ្លៀង ៖
– បរិមាណទឹកភ្លៀងអាចនឹងមានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ។
– នៅក្នុងខែមីនា និងមេសា នឹងអាចមានភ្លៀងកក់ខែធ្លាក់ច្រើន និងអាចមានបាតុភូត
ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ច្រើន ។
៣- ដើមរដូវវស្សា ៖
– រដូវវស្សាឆ្នាំ ២០២១ អាចនឹងចាប់ផ្តើមនៅសប្តាហ៍ទី ១ នៃខែឧសភា ។
– នៅដើមរដូវវស្សា និងពាក់កណ្តាលរដូវវស្សា ( ខែឧសភា មិថុនា កក្កដា និងសីហា) របាយទឹកភ្លៀង អាចមានកម្រិតពីមធ្យមទៅច្រើន ។
បើទោះបីនៅក្នុងខែមេសា និងដើមរដូវវស្សាអាចនឹងមានភ្លៀងកក់ខែច្រើន តែបរិមាណទឹក ភ្លៀងដែលធ្លាក់មក មិនទាន់សមល្មមក្នុងការប្រើប្រាស់ ឆ្លើយតបតាមតម្រូវការភ្លាមៗនោះទេ ។ អាស្រ័យហេតុនេះ សូមបន្តរក្សានិងប្រើប្រាស់ទឹកដោយសន្សំសំចៃ ជាពិសេសបណ្តាតំបន់ជនបទ ដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក ៕
ដោយ៖សុខ ខេមរា