ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះពលរដ្ឋ១ខ្នងត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ដែលគេសង្ស័យថាឆ្លងចរន្តអគ្គិសនី

ចែករំលែក៖

ខេត្តបាត់ដំបង៖ ផ្ទះប្រជាពលរដ្ឋ១ខ្នងដែលគេសង្ស័យថាឆ្លងចរន្តអគ្គិសនី ត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុងខណ:ម្ចាស់ផ្ទះរវល់ទៅក្រៅ។

 ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង៤រសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចភូមិអូរខ្ជាយ ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង។ ឧបទ្ទវហេតុខាងលើមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ចំណែកឯរថយន្តម៉ាកហាយប្រ៊ីដ១គ្រឿងរបស់ម្ចាស់ផ្ទះដែលជាប់ហ្វ្រ័ងដៃត្រូវបានប្រជាពលរដ្ឋអ្នកជិតខាងវាយកញ្ចក់ចូលដោះហ្វ្រ័ងដែលជាប់ហើយរុញនិងទាញចេញមកក្រៅបរិវេណផ្ទះទាន់។

 សមត្ថកិច្ចបញ្ជាក់ថា ផ្ទះដែលរងការឆាបឆេះនេះជាប្រភេទផ្ទះតៀម ជញ្ជាំងថ្ម លាយក្តារ មានទំហំ ៩ម៉ែត្រx៧ម៉ែត្រ ខូចខាតអស់ទាំងស្រុង រីឯទ្រព្យសម្បត្តិនៅមិនទាន់បានដឹងនៅឡើយទេ។ 

 ម្ចាស់ផ្ទះមានឈ្មោះ ឈួន រីណា ភេទប្រុស អាយុ៣៥ឆ្នាំ និងប្រពន្ធឈ្មោះ ស៊ឹម សុម៉ាលីន អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិឃុំកន្លែងកើតហេតុខាងលើ។ ពេល កើតហេតុ ប្តីប្រពន្ធទាំងពីរនាក់បានចាក់សោផ្ទះហើយចេញទៅធ្វើការងាររៀងៗខ្លួននៅខាងក្រៅទើបមិនបានដឹង៕

ដោយ៖ស សារ៉េត


ចែករំលែក៖