ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួន ជនបរទេស ៣នាក់ ជា​បទល្មើសលួច​ដក​ប្រាក់​របស់​អតិថិជន ពីក្នុង​គណនី​ធនាគារ​កា​ណា​ឌី​យ៉ា(មានវីដេអូ)​

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ​បាន​​ឃាត់ខ្លួន ជនបរទេស​៣​នាក់ ​បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​ពី​បទ​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស (​ក្រុម​មានការ​ចាត់តាំង​) និង​សម្អាត​ប្រាក់ ពោល​គឺជា​អំពើ​លួច​ដក​ប្រាក់​របស់​អតិថិជន ពី​ក្នុង​គណនី​ធនាគារ​កា​ណា​ឌី​យ៉ា​។ ជនបរទេស​៣​នាក់​នោះ​មាន ៖ 

ទី១-ឈ្មោះ Goyal sandeep Kumar ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ឥណ្ឌា ស្នាក់​នៅ​អឹ​ផាត​មិន​បែ​ល​វីឡា ជាន់​ទី​៤ ផ្លូវ​លេខ​៥៧ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

ទី២-ឈ្មោះ Mohibeen Lebe Mohammas Maharof ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ស្រី​លង្កា ស្នាក់​នៅផ្ទះ​លេខ​១៨​សេ ផ្លូវ​លេខ​៥៩ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។ 

ទី៣-ឈ្មោះ Tai kokpoh ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជនជាតិ​សឹ​ង្ហ​បុរី ស្នាក់​នៅផ្ទះ​លេខ​១៧ ផ្លូវ​លេខ​១៧៤ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ​។ 

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌបានបញ្ជាក់, ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២១ ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​ក្នុង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​លួច​ដក​ប្រាក់​ពី​គណនី​ធនាគារ​របស់​អតិថិជន​នោះ។ 

កាលពី​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១ មាន​អតិថិជន​របស់​ធនាគារ​កា​ណា​ឌីយ៉ា​ចំនួន​៥​នាក់ បាន​មក​ប្ដឹង​ពី​ការ​បាត់ប្រាក់​ក្នុង​គណនី​ធនាគារ​។ ក្នុង​នោះ​អតិថិជន​ទី​១.​ឈ្មោះ ពេ​ជ សូ​រិ​យា ភេទ​ស្រី អាយុ​៤១ ឆ្នាំ បាន​បាត់ប្រាក់​ចំនួន​៦ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដោយ​ត្រូវ​គេ​លួច​ផ្ទេរ​ប្រាក់​ពី​គណនី​របស់​គាត់​ទៅ​គណនី​លេខ​០០១០០០ ៤៨៦៦២៥៣ ដែល​មានឈ្មោះ shop 24 on និង​ម្ចាស់​គណនី​ឈ្មោះ Goyal sandeep Kumar ចំនួន​៣​លើក​បាត់ប្រាក់​សរុប ៦​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។ អតិថិជន​ទី​២.​ឈ្មោះ ឈួ​ន ស្រី​ណូ ភេទ​ស្រី អាយុ​២៧​ឆ្នាំ បាន​បាត់ប្រាក់​ចំនួន​៤៣៥ ដុល្លារ​អា​មេ​រិ​ក ដោយ​ត្រូវ​គេ​លួច​ផ្ទេរ​ពី​គណនី​របស់​គាត់ ទៅ​គណនី​របស់​ឈ្មោះ Goyal sandeep Kumar​។

អតិថិជន​ទី​៣.​ឈ្មោះ ច័ន្ទ សុ​ផា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ បាន​បាត់ប្រាក់​ចំនួន​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។

 អតិថិជន​ទី​៤.​ឈ្មោះ ម៉ិច កញ្ញា អាយុ​២៨​ឆ្នាំ បាន​បាត់ប្រាក់​ចំនួន ៤ ៩០០ ដុល្លារ​អា​មេ​រិ​ក​។ និង​ទី​៥.​នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១ ក្រុម​ជនសង្ស័យ​បាន​ទៅ​ដក​ប្រាក់​ពី​ធនាគារ​កា​ណា​ឌី​យ៉ា​ក្បែរ​វិមាន​ឯករាជ្យ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្ដង​។ មន្ត្រី​នគរបាល​បន្ត​ថា ល្បិច​ឆបោក​របស់​ជនបរទេស​៣​នាក់​លួច​ដក​ប្រាក់​ពី​គណៈនី​របស់​អតិថិជន ដែល​ផ្ញើ​នៅ​ធនាគារ​កា​ណា​ឌី​យ៉ា​នេះ ដំបូង​អតិថិជន​បាន​ទទួល​សារ​ដែល​ពួក​គេ​បាន​បង្ហោះ​ចូល​ក្នុង​ទូរស័ព្ទ​ដៃ​របស់​ពួក​គាត់ តាម​រយៈ​(​តេ​ឡេ​ក្រាម​) ដោយ​ប្រាប់​ថា ៖

គណនី​ធនាគារ​របស់​ពួក​គាត់​(​ជន​រង​គ្រោះ​)​ត្រូវ​បាន​គេ​លួច​ចូល និង​បាន​ភ្ជាប់​គេហទំព័រ​ឈ្មោះ www.canadias.com ជា​គេហទំព័រ​ក្លែងបន្លំ​របស់​ធនាគារ​កា​ណា​ឌី​យ៉ា​។ ដូច្នោះ​ជនសង្ស័យ​ក៏​បាន​ណែនាំ​ឲ្យ​អតិថិជន​ធ្វើ​តាម​គេ និង​បាន​តម្រូវ​ឲ្យ​បញ្ចូល​ព័ត៌មាន​សម្ងាត់​តាម​អ្វី​ដែល​គេ​ប្រាប់ បន្ទាប់​មក​ដោយ​មានការ​សង្ស័យ​អតិថិជន​បាន​ឆែក​មើល​ទឹកប្រាក់​នៅ​ក្នុង​(​កុង​)​គណនី​របស់​ខ្លួន ស្រាប់តែ​ត្រូវ​បាត់ប្រាក់​ដូច​បាន​ចំនួន​រៀបរាប់​ខាងលើ ទើបបាន​នាំ​គ្នា​ទៅ​ផ្តល់​ព័ត៌មាន​ដល់​ធនាគារ​កា​ណា​ឌី​យ៉ា ដើម្បី​ឲ្យ​ចាត់ការ​ចំពោះ​ជនបរទេស ដែល​មានគំនិត​ទុច្ចរិត​នេះ​។

សូមបញ្ជាក់ថា , កន្លងទៅអង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា តែងដែលបានធ្វើការណែនាំ និងផ្ដល់នូវព័ត៌មាន ចំពោះក្រុមជនទុច្ចរិត បានង្កើតកម្មវិធីផ្សេងៗ ក្នុងចេតនាបោកលុយ នឹងល្បិចលួចយកគណនីក្នុងធនាគារជាដើម ។ ប៉ុន្តែបងប្អូនមួយចំនួនមិនបានតាមដានព័ត៌មានទាំងនេះ ទើបបណ្ដាលឱ្យបាត់បង់ និងជឿទាំងស្រុងទៅលើជនខិលខូច ប្រើល្បិចលួចគណនីនោះ៕

 

ដោយ៖ សិលា


ចែករំលែក៖