អាមេរិកបានអំពាវនាវដល់ចិនអនុញ្ញាតឲ្យក្រុមស្រាវជ្រាវពីប្រភពកូវីដ-១៩ របស់អង្គការសុខភាពពិភពលោក WHO ចូលទៅសាកសួរអ្នកមើលថែជំងឺកូវីដ-១៩ នៅតាមមន្ទីរពេទ្យ និងបុគ្គលិក នៅក្នុងមន្ទីរពិសោធន៍ក្នុងទីក្រុងវូហាន ។
ប៉ុន្តែមន្ត្រីចិនបានលើកឡើងថា ចិនចង់បញ្ចប់សម្ពាធនយោបាយ ចំពោះការស្រាវជ្រាវពីប្រភពកូវីដ- ១៩។ ចាប់ពីថ្ងៃទិ១៤ខែមករា ក្រុមជំនាញរបស់អង្គការសុខភាពពិភពលោក បានចូលទៅកាន់ប្រទេសចិនស្រាវជ្រាវពីប្រភពកូវីដ -១៩នៅទីក្រុងវូហាន។ ក្រុមការងាររបស់ WHO កំពុងតែជួបទំនាក់ទំនងពីចម្ងាយជាមួយដៃគូចិន ក្នុងរយៈពេលដែលកំពុងធ្វើចត្តាឡីស័ក២សប្តាហ៍ពេលចូលដល់ប្រទេសចិន តាមច្បាប់ដែលរដ្ឋាភិបាលចិនបានកំណត់។
អាមេរិកបានចោទប្រកាន់ចិនថាបានបិទបាំងពីកម្រិតនៃការឆ្លងរាលដាលកូវីដ-១៩ ដំណាក់កាលដំបូង ។ អាមេរិកស្នើឲ្យបើកការស្រាវជ្រាវប្រកបដោយតម្លាភាព ដឹកនាំដោយ អង្គការសុខភាពពិភពលោក។
ប្រធានគណៈប្រតិភូអាមេរិក ដឹកនាំដោយលោក Garrett Grigsby បានឲ្យដឹងថា ចិនគួរតែចែករំលែកលទ្ធផលស្រាវជ្រាវវិទ្យាសាស្ត្រ ទៅលើសត្វ មនុស្ស និងបរិយាកាស នៃការឆ្លងពីតំបន់ផ្សារលក់ទំនិញនៅទីក្រុងវូហាន ដែលជាទីតាំងត្រូវគេចាត់ទុកថាជាប្រភពឆ្លងដំបូងគេបង្អស់កាលពីចុងឆ្នាំ ២០១៩។ លោកGarrett Grigsby បានបន្តទៀតថា គណៈកម្មការរបស់WHO បានវិភាគទៅលើទិន្នន័យទាំងនោះទើបអាចស្វែងរកប្រភពពិតប្រាកដនៃកូវីដ-១៩។
ចំណែកគណៈប្រតិភូរបស់ប្រទេសអូស្ត្រាលីវិញ ក៏បានស្នើដល់ក្រុមជំនាញរបស់ WHO ត្រួតពិនិត្យទៅលើឯកសារពាក់ព័ន្ធនឹងការផ្ទុះកូវីដ-១៩ ក្នុងប្រទេសចិនជាលើកដំបូង ។ ចំណែកតំណាងភាគីចិនវិញបានលើកឡើងថា ការស្រាវជ្រាវពីប្រភពកូវីដ-១៩ គឺត្រូវតែមានលក្ខណៈវិទ្យាសាស្ត្រ និងត្រូវការកិច្ចសហប្រតិបត្តិការ។
កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១គណៈកម្មការស្រាវជ្រាវដោយឯករាជ្យបានឲ្យដឹងថា ចិនគួរណាស់តែធ្វើសកម្មភាពឱ្យបានឆាប់ជាងនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលពេលដំបូង។ ជាមួយគ្នានេះក៏បានថ្កោលទោសដល់អង្គការសុខភាពពិភពលោកដែលរង់ចាំរហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ទើបប្រកាសអាសន្នទូទាំងពិភពលោក គឺយឺតយ៉ាវទៅហើយក្នុងការទប់ស្កាត់៕
ដោយ៖ធី រីណា(រូបភាព៖Reuters )