ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសជូនព័ត៌មានថា, រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ០២នាក់ និងមិនមានករណីជាសះស្បើយ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា,ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី សរុបចំនួន ០២នាក់ ទី១-ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ០១នាក់ ដែលជាអ្នកដំណើរចូលមកកម្ពុជា (មិនមែនជា ពលករធ្វើដំណើរមកពីប្រទេសថៃ) ជាកុមារាជនជាតិឥណ្ឌូនេស៊ី អាយុ ០១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ខេត្តសៀមរាប ជាកូនប្រុសរបស់ បុរស អាយុ ៣៤ឆ្នាំ និងស្ត្រី អាយុ ៣៣ឆ្នាំ ដែលវិជ្ជមានវីរុសកូវីដ-១៩ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ជាអ្នកដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់កុមារាខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រ កម្ពុជា គឺ វិជ្ជមានវីរុសកូវីដ -១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌល ជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។
ទី២-ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០១នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ គឺជាស្ត្រីជនជាតិខ្មែរ អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី០២ របស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានី ភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ បង្អែកខេត្តបន្ទាយមានជ័យ៕
ដោយ៖ សិលា