ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តព្រូសមួយគ្រឿងបានបោះពួយទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយផ្នែកខាងលិចយ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខបែករាយប៉ាយខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១២និង១០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុចស្ពានអាកាសផ្សារដីហុយផ្នែកខាងលិច តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BJ-4201ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយពេញទំហឹង បណ្តាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខយ៉ាងដំណំ ចំណែកអ្នកបើកបរមិនឃើញនៅកន្លែងកើតហេតុនោះទេ។ រីឯបង្កាន់ដៃស្ពានរងការខូចខាតតិចតួច។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
ផេង ភាព


ចែករំលែក៖