ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តស៊េរីទំនើបបុករងរបួសធ្ងន់បាក់ជើងម្ខាង

ចែករំលែក៖

       ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាក Range Rover មួយគ្រឿងបានបោះពួយយ៉ាងលឿនជ្រុលទៅបុកម៉ូតូកំពុងឆ្លងផ្លូវយ៉ាងពេញទំហឹងបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់បាក់ជើងម្ខាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នៅតាមបណ្ដោយផ្លូវ លេខ២០៥ កែងផ្លូវលេខ២៨៦ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅពាក់ស្លាកលេខ ព្រៃវែង1E-9504 ជិះដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណតាមបណ្ដោយផ្លូវលេខ១០៥ពីត្បូងទៅជើង លុះមកដល់ផ្លូវបំបែកជាបួនស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក Range Rover មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AN-3552 បើកបរដោយបុរសជនជាតិចិនម្នាក់តាមបណ្ដោយផ្លូវ លេខ២៨៦ ពីកើតទៅលិចក្នុងល្បឿនលឿនហើយចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូចំពាក់កណ្ដាលយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសបាក់ជើងម្ខាងត្រូវបានប្រជាពលរដ្ឋទូរស័ព្ទហៅរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ចំពោះសម្ភារខូចខាតគឺ ម៉ូតូបែកម៉ាសុីនខាងស្ដាំ ចំណែករថយន្តខូចខាតផ្នែកខាងមុខ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅខណ្ឌដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ផេង ភាព


ចែករំលែក៖