ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ បានកាត់លះមែកដើមឈើធំៗនៅតាមបណ្តោយវិថីព្រះអង្គឌួង និងនៅលើសួនកាណាឌីយ៉ាហើយនៅថ្ងៃទី១៨ ខែមករា

ចែករំលែក៖

ភ្នំពេញ៖ អនុវត្តតាមការណែនាំផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដឹកនាំដោយលោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ មករាម្សិលមុិញនេះបានធ្វើសកម្មភាពកាត់និងលះមែកដើមឈើធំៗនៅតាមបណ្តោយវិថីព្រះអង្គឌួង និងវិថីក្រមួនសលើសួនកាណាឌីយ៉ាមុខមន្ទីរពេទ្យព្រះអង្គឌួង ក្នុងខណ្ឌដូនពេញ។

    លោក សំ សាមុត បានឱ្យដឹងនៅរសៀលថ្ងៃ១៨ មករា ឆ្នាំ២០២១ថា៖ ដើមឈឺធំៗនៅលើសួនកាណាឌីយ៉ាមុខមន្ទីរពេទ្យព្រះអង្គឌួងនេះមានចំនួន១០៥ដើម ហើយក្នុងចំនួននេះមានដើមគ្រាប់បែកឬដើមគីនីនចំនួនជាង៤០ដើម ក្រៅនេះមានដើមគគីរ ឥន្ទនេលនិងដើមឈើទាល ។ដើមឈើធំៗនិងចាស់ៗមានចំនួន៥០ដើមដែលមានអាយុកាលរាប់រយឆ្នាំហើយ។

      លោកសំ សាមុត បន្តថា៖ ចំពោះសកម្មភាពខាងលើនេះ ក្រុមការងារកាត់លះមែកឈើពិតជាមានការលំបាកខ្លះ ដោយសារតែយើងឡើងកាប់មួយមែកម្តងជាមួយនឹងការចងខ្សែទម្លាក់មកក្រោម មួយមែកម្តងៗផងដែរ ព្រោះតែខ្លាចខូចថ្នល់និងការឺឡា។ ការងារនេះនឹងប្រើប្រាស់ពេលវេលាយូរបន្តិច ។ដូច្នេះហើយលោកសូមការយោគយល់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលត្រូវឆ្លងកាត់ផ្លូវនេះ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្រុមការងារនឹងសម្រុកធ្វើការងារនេះឱ្យបានរួចរាល់មុនគម្រោងដែលបានគ្រោងទុក។

   សូមបញ្ជាក់ថា លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ កាលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១កន្លងមក បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌចុះពិនិត្យ មើលស្ថានភាពដើមឈើបីដើមដែលត្រូវកាប់ចេញនោះ ហើយលោកបានសម្រេចមិនឱ្យកាប់ចេញនោះទេ ដោយតម្រូវឱ្យកាត់និងលះមែកជាមួយនឹងការធ្វើទម្រទប់ដើមផងដែរ ។បន្ថែមពីលើនេះទៀត កាលពីថ្ងៃទី១៥ ខែមករាកន្លងមកនេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានចេញសេចក្តីជូនដំណឹងជុំវិញការកាត់លះ មែកឈើនេះផងដែរ ដោយក្រុមការងារនឹងប្រើប្រាស់រយៈពេល១ខែ។

    យោងតាមសេចក្តីជូនដំណឹងនេះបានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា៖ ដើមឈើធំៗនៅតាមបណ្តោយវិថីព្រះអង្គឌួង និងវិថីក្រមួនសមានអាយុកាលច្រើនឆ្នាំ មានសភាពចាស់ទ្រុឌទ្រោម និងមានដុះមែកឈើស៊ុបទ្រុបដែលធ្វើឱ្យដើមមិនអាចទ្រទ្រង់បាន រដ្ឋបាលរាជធានីភ្នំពេញបានឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការលះមែកឈើមួយចំនួនចេញ ព្រមទាំងបន្តថែទាំនិងរក្សាទុកដើមឈើធ្វើទម្រទប់ដើម ដោយចំណាយពេលអនុវត្តការងាររយៈពេល ១ខែ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ តទៅ។

    ដើម្បីឱ្យការងារខាងលើប្រព្រឹត្តទៅដោយរលូន ស្នើបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញមេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើបើមិនមានការចាំបាច់ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍និងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ព្រោះដោយសារក្រុមការ ងារត្រូវប្រើប្រាស់ឧបករណ៍សម្រាប់កាត់មែកឈើ និងរថយន្តធុនធំដែលអាចបង្កការកកស្ទះចរាចរណ៍៕ដោយ៖សំរិត


ចែករំលែក៖