ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចក្រឡាហោម ស ខេង ៖ ការផ្តល់ចំណេះដឹងដល់កូនគឺជាទ្រព្យសម្បត្តិមិនចេះរីងស្ងួត និងមានតម្លៃចាយមិនចេះអស់

ចែករំលែក៖

ខេត្តបាត់ដំបង៖ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា, ប្រសិនបើចែកទៅដល់កូនជាលុយ ជាប្រាក់ ដីធ្លី គង់តែថ្ងៃណាមួយទ្រព្យទាំងនោះនឹងអស់ ប្រសិនបើអ្នកបន្តវេនមិនចេះថែរក្សា មិនចេះការពារ ហើយយកទៅចាយវាយដោយពុំមានការពិចារណា ប៉ុន្តែបើយើងចែកឱ្យកូននូវចំណេះដឹងនោះគឺជាទ្រព្យសម្បត្តិនេះមិនចេះរីងស្ងួតហើយមានតម្លៃ និងកាន់តែមានតម្លៃនៅពេលដែលកូនខិតខំសិក្សារៀនសូត្រ ព្រោះការសិក្សារៀនសូត្រជាទ្រព្យសម្បត្តិមានតម្លៃដែលចាយមិនចេះចប់ និងមិនចេះអស់នោះទេ។ នេះជាប្រសាសន៍ណែនាំរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភីថ្នាក់ បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យជាតិបាត់ដំបង នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បន្តថា ការអប់រំអាចធ្វើឱ្យមនុស្សផលិតបាននូវអ្វីៗគ្រប់យ៉ាងដើម្បីបំពេញសេចក្តីត្រូវការរបស់មនុស្សជាតិ អាចនិយាយក្នុងន័យប្រៀបធៀបបានថា មនុស្សផលិតមាសបាន ហើយមាសដែលផលិតចេញពីខួរក្បាលមនុស្សគឺំមិនចេះអស់នោះទេ ហេតុនេះការអប់រំមនុស្សឱ្យមានបញ្ញា មានចំណេះដឹង មានជំនាញ មានសីលធម៌ មានទ្រព្យសម្បត្តិនឹងរួចផុតពីភាពក្រីក្រគឺជាគោលដៅអតិភាពរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ សម្តេចក្រឡាហោម បានលើកឡើងថា ប្រទេសដែលមានការរីកចំរើន និងអភិវឌ្ឍន៍ជឿនលឿនគឺជាប្រទេសដែលសំបូរដោយធនធានមនុស្សគ្រប់ជំនាញដែលបានពីការអប់រំបណ្តុះបណ្តាលត្រឹមត្រូវ និងប្រកបដោយគុណភាព ដោយគុណភាពគឺជាកត្តាអទិភាពមួយដែលគ្រប់ភាគីពាក់ព័ន្ធត្រូវរួមគ្នាឱ្យតម្លៃ រួមគ្នាទទួលខុសត្រូវ និងរួមគ្នាបេ្តជ្ញាចិត្តធ្វើឱ្យបានក្នុងការផលិតនូវធនធានមនុស្សប្រកបដោយសមត្ថភាព វិជ្ជាជីវៈពិតប្រាកដ។

ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេងក៏បានផ្តាំផ្ញើរដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្ថែមទៀតទាំងចំណេះដឹង ចំណេះធ្វើ ប្រកាន់ខ្ជាប់នូវសីលធម៌និងសិល្បៈនៃការរស់នៅក្នុងសង្គម ទន្ទឹមនឹងនេះត្រូវចងចាំថា ចំណេះដឹងដែលទទួលបាន គឺចាំបាច់ត្រូវបំពេញបន្ថែមនូវបទពិសោធន៍ដែលបានពីការអនុវត្តជាក់ស្តែង រួមនឹងគំនិតច្នៃប្រឌិតបន្ថែមទៀត ស្របតាមស្ថានភាព កាលៈទេសៈជាក់ស្តែងនៃការងារ ទើបមានលក្ខណៈគ្រប់គ្រាន់សម្រាប់ជីវិត។

ដោយសម្តេចក្រឡាហោម បានសម្តែងការជឿជាក់ និងក្តីសង្ឃឹមថា សិស្សានុសិស្សទាំងអស់ដែលបានបញ្ចប់ការសិក្សានឹងខិតខំជម្នះរាល់ឧបសគ្គ ដើម្បីកសាងខ្លួនឱ្យសាកសមជាពលរដ្ឋល្អ មន្ត្រីរាជការល្អ បុគ្គលិកល្អ ដោយប្រើប្រាស់នូវជំនាញ ចំណេះដឹង ចំណេះធ្វើពិតប្រាកដរបស់ខ្លួនប្រកបដោយមនៈសិការវិជ្ជាជីវៈ ការទទួលខុសត្រូវក្នុងការងារ សីលធម៌ល្អ និងបម្រើជាតិដោយស្មោះត្រង់៕

ដោយ៖ សិលា


ចែករំលែក៖