ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបញ្ច្រាសផ្លូវទៅប៉ះរថយន្តបែនដឹកខ្សាច់បណ្តាលឲ្យដួលរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូបញ្ច្រាសទិសឆ្លងផ្លូវស្រាប់តែទៅប៉ះជាមួយនឹងរថយន្តបែនដឹកខ្សាច់បណ្តាលឲ្យដួលរងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៥និង ១០នាទីល្ងាច ថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះ=ឈ្នះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង 1K-8293ដែលធ្វើដំណើរបញ្ច្រាសផ្លូវក្នុងទិសដៅពីជើងទៅត្បូង រួចឆ្លងផ្លូវទៅស្ដាំដៃ ស្រាប់តែទៅប៉ះជាមួយនឹងរថយន្តបែនដឹកខ្សាច់ម៉ាក nissan ពណ៌សពាក់ស្លាកលេខចង្កូតស្ដាំPP-0210បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងបណ្ដាលឲ្យដួលរងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ទំនាក់ទំនងហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗចំណែកតៃកុងរថយន្តបានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដើម្បីធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕ដោយ៖និនសុភ័ស្ត


ចែករំលែក៖