ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះ លោកស្រី សុខ សោភ័ណ្ឌ និងក្រុមគ្រួសារ។ ក្នុងនោះលោកមានប្រសាសន៍ថាខ្ញុំ និងថ្នាក់ដឹកនាំ ទីប្រឹក្សា ព្រមទាំង សមាជិក សមាជិកា មានសេចក្តីក្តុកក្តួលនិងសោកស្តាយជាពន់ពេក ចំពោះមរណភាពរបស់ លោក ជាង សុខា ជា អនុប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៦៖២៩នាទីព្រឹក ក្នុងជន្មាយុ៤២ឆ្នាំ ដោយរោគាពាធ។
លោកបន្តថា មរណភាពរបស់ លោក ជាង សុខា គឺជាការបាត់បង់អ្នកសារព័ត៌មានដ៏ឆ្នើម និងជាការបាត់បង់ធនធាន មនុស្សដ៏កម្រមួយរូបក្នុងវិស័យសារព័ត៌មាននៅកម្ពុជា។ លោកគឺជាស្ថាបនិកមួយរូបរបស់ (ស .ស.ស . ក ) ដែលបាន លះបង់ពេលវេលា ប្រាជ្ញាស្មារតី ការពារ លើកតម្កើង ចាប់តាំងពីលោកជា ប្រធានគណៈកម្មាធិការការពារសិទ្ធិអ្នក សារព័ត៌មាន រហូតទទួលបានការគាំទ្រតែងតាំងជាអគ្គលេខាធិការរង និងក្លាយជា អនុប្រធាន( ស.ស.ស .ក) រហូត ដល់វេលាចុងក្រោយ។ ក្នុងវិស័យសារព័ត៌មាន លោក ជាង សុខា ជាអតីតប្រធានក្រុមព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ អតីតនិពន្ធនាយកកាសែតខ្មែរថែមស៍ និងជាទីប្រឹក្សាក្រសួងព័ត៌មាន។
ការចងចាំរបស់យើងខ្ញុំ ចំពោះសណ្តានចិត្ត និង មនសិការ របស់សហការី ដ៏ល្អនេះ គឺមានច្រើន។ នៅពេល ប្រទេសជាតិមានព្រឹត្តិការណ៍ពិសេសៗ លោក ជាង សុខា តែងសួរថា “ប្រធានមានរូបភាពល្អៗទេ?”។ គាត់ចង់តែ ឃើញមុខមាត់ប្រទេសជាតិស្រស់ស្អាតលើទំព័រកាសែត ពេលផ្សព្វផ្សាយទៅ។ គាត់តែងពាក់ផ្លាកសញ្ញា (ស.ស.ស.ក ) នៅជាប់នឹងអាវជានិច្ច។ ទីបំផុត! គាត់បានបន្សល់ទុកឲ្យយើងនូវពាក្យមួយឃ្លា “គ្រួសារ (ស.ស.ស.ក )រួមសុខរួមទុក្ខ គ្រប់កាលៈទេសៈ»។ សម្រាប់គ្រួសារវិញ គាត់ស្រឡាញ់កូនៗទាំងបី ហើយតែងតែនិយាយថា “គាត់ប្រាថ្នាចង់ឲ្យពួក គេបានសិក្សាខ្ពង់ខ្ពស់»។ ជាមួយភរិយា នៅចុងបញ្ចប់នៃការសន្ទនា គាត់ប្រើពាក្យ៖ “honey, I love you.!
ខ្ញុំ និងគ្រួសារ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមចងចាំ និងចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំ នេះជាមួយ លោកស្រី និង ក្មួយៗជាទីស្រឡាញ់ ព្រមទាំងក្រុមគ្រួសារ។ យើងពិតជាបានរួមគ្នាខិតខំជាមួយគាត់ក្នុង ការតស៊ូនឹងជម្ងឺព្យាធិនេះដោយយកចិត្តទុកដាក់បំផុត។ ក្នុងការជូនដំណើរ នាគ្រាចុងក្រោយនេះ យើងខ្ញុំសូមបួងសួង ដល់បុណ្យបារមីជួយជ្រោងនាំដួងវិញ្ញាណក្ខន្ធ លោក ជាង សុខា បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ សុខ ខេមរា