ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងស្រាជិះម៉ូតូបុករថយន្តរងការខូចខាតយ៉ាងដំណំ ប្រកែកគ្នាយកត្រូវរៀងខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូក្នុងល្បឿនលឿនរេចង្កូតជ្រុលទៅបុកចំរថយន្តបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៨៖០០នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ដែលស្ថិតនៅតាមបណ្ដោយផ្លូវ២៦៥ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក តូយ៉ូតា កាមរីបាឡែនពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2U- 5657បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក msx ពណ៌ខ្មៅលាយត្រួយចេកពាក់ស្លាកលេខភ្នំពេញ1HW-7696បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាបើកក្នុងល្បឿនលឿនធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងស្រាប់តែរេចង្កូតជ្រុលទៅបុកនឹងរថយន្តចំពីមុខផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំចំណែកឯភាគីទាំងសងខាងបានប្រកែកគ្នាយកត្រូវរៀងៗខ្លួន។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីទាំងសងខាងសម្របសម្រួលគ្នាមិនត្រូវទើបទំនាក់ទំនងហៅសមត្ថកិច្ចជំនាញចរាចរណ៍មកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕ដោយ៖និន សុភ័ស្ត


ចែករំលែក៖