ព័ត៌មានទាន់ហេតុការណ៍៖

អង្គការ​យូណេស្កូ សម្ពោធ​សៀវភៅ​ជា​ភាសា​ខ្មែរ​ពីរ​ក្បាល​ស្តីពី​ការការពារ​អ្នកសារព័ត៌មាន និង​សេរីភាព​មតិ​

ចែករំលែក៖

     ភ្នំពេញ៖នៅថ្ងៃទី២៥ ខែមករាឆ្នាំ២០២១នេះ អង្គការយូណេស្កូ(UNESCO) បានសម្ពោធសៀវភៅជាភាសាខ្មែរចំនួន ពីរក្បាលស្តីពី «​កូវីដ​-១៩៖ តួនាទីរបស់តួអង្គក្នុងប្រព័ន្ធយុត្តិធម៌ក្នុងការការពារ និងលើកកម្ពស់សិទ្ធិសេរីភាពបញ្ចេញមតិ​» និងសៀវភៅណែនាំ «​សុវត្ថិភាពអ្នកសារព័ត៌មាន​»​ ជាក់ស្តែងសៀវភៅទាំងពីរក្បាលនេះ នឹងជាជំនួយសម្រាប់អ្នកសារព័ត៌មានក្នុងពេលបំពេញភារកិច្ច ការការពារខ្លួនលើប្រព័ន្ធឌីជីថលនិងការធ្វើផែនការជីវិតជាដើម

បេីតាមអ្នកជំនាញលើការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិសេរីភាពនៃការបញ្ចេញមតិនៅយូណេស្កូលោក Mikel Aguirre Idiaquez បានលើកឡើងថា សៀវភៅ «​កូវីដ​-១៩៖ តួនាទីរបស់តួអង្គក្នុងប្រព័ន្ធយុត្តិធម៌ក្នុងការការពារ និងលើកកម្ពស់សិទ្ធិសេរីភាពបញ្ចេញមតិ​» គឺវានឹងផ្ដល់សារប្រយោជន៍សម្រាប់បរិបទកម្ពុជា

អ្នកជំនាញរូបនេះបន្តថាសៀវភៅ ដែលមានកម្រស់២៨ទំព័រ បានលើកឡើងពីគោលការណ៍ណែនាំជាច្រើនសម្រាប់ចៅក្រម និងព្រះរាជអាជ្ញាទាក់ទិននឹងសិទ្ធិសេរីភាពបញ្ចេញមតិ​, ការការពារទិន្នន័យឯកជន​, ការទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត​, ការការពារអ្នកសារព័ត៌មាននៅក្នុងវិបត្តិកូវីដ​-១៩ និងជំរុញឲ្យរដ្ឋគោរពតាមលក្ខខណ្ឌ លក្ខណៈវិនិច្ឆ័យនិងនីតិវិធីនានាជាដើម

​​លោក Idiaquez​ គូសបញ្ជាក់ទៀតថា សៀវភៅស្តីពី​«​សុវត្ថិភាពអ្នកសារព័ត៌មាន​» ដែលមានកម្រាស់ ២៥២ទំព័រនេះ ផ្ដល់ការណែនាំទាក់ទិននឹងសុវត្ថិភាពរូបរាងកាយរបស់អ្នកសារព័ត៌មាន ក្នុងពេលចុះទៅបំពេញភារកិច្ច ក្នុងអំឡុងពេលសង្គ្រាម ជំងឺរាតត្បាត បាតុកម្ម និងការការពារខ្លួនលើប្រព័ន្ធឌីជីថលជាដើម សៀវភៅដដែលនេះ ក៏បានណែនាំអ្នកសារព័ត៌មានឱ្យចេះថែទាំងសុខភាព​, ការដាក់សម្ភារវេជ្ជសាស្ត្រ សម្ភារសម្រាប់សម្រាក ដើម្បីការពារខ្លួនពីជំងឺផ្សេងទៀត​, ការរៀបចំហិរញ្ញវត្ថុ និងវិធានការជាច្រើនទៀត ក្នុងអំឡុងពេលចុះបំពេញភារកិច្ច

គួរបញ្ជាក់ថា សៀវភៅណែនាំកូវីដ​-១៩៖ តួនាទីរបស់តួអង្គក្នុងប្រព័ន្ធយុត្តិធម៌ក្នុងការការពារ និងលើកកម្ពស់សិទ្ធិសេរីភាពបញ្ចេញមតិ​» ត្រូវបានបោះពុម្ភជាភាសាអង់គ្លេសនៅក្នុងខែកញ្ញា ឆ្នាំ២០២០ និងសៀវភៅណែនាំ « សុវត្ថិភាពអ្នកសារព័ត៌មាន​» បានបោះពុម្ភជាភាសាអង់គ្លេសនៅក្នុងឆ្នាំ២០១៥ កន្លងមក

ដោយ៖សហការី


ចែករំលែក៖