ព័ត៌មានទាន់ហេតុការណ៍៖

អង្គការ​យូណេស្កូ សម្ពោធ​សៀវភៅ​ជា​ភាសា​ខ្មែរ​ពីរ​ក្បាល​ស្តីពី​ការការពារ​អ្នកសារព័ត៌មាន និង​សេរីភាព​មតិ​

ចែករំលែក៖

     ភ្នំពេញ៖​ នៅ​ថ្ងៃទី​២៥ ខែមករា​ ឆ្នាំ២០២១នេះ អង្គការ​យូណេស្កូ(UNESCO) បាន​សម្ពោធ​សៀវភៅ​ជា​ភាសា​ខ្មែរ​ចំនួន ពីរ​ក្បាល​ស្តីពី «​កូ​វីដ​-១៩៖ តួនាទី​របស់​តួអង្គ​ក្នុង​ប្រព័ន្ធយុត្តិធម៌​ក្នុងការ​ការពារ និង​លើកកម្ពស់​សិទ្ធិសេរីភាព​បញ្ចេញមតិ​» និង​សៀវភៅ​ណែនាំ «​សុវត្ថិភាព​អ្នកសារព័ត៌មាន​»​។ ជាក់ស្តែងសៀវភៅ​ទាំងពីរ​ក្បាល​នេះ នឹង​ជា​ជំនួយ​សម្រាប់​អ្នកសារព័ត៌មាន​ក្នុងពេល​បំពេញភារកិច្ច ការការពារ​ខ្លួន​លើ​ប្រព័ន្ធ​ឌីជីថលនិង​ការធ្វើផែនការ​ជីវិត​ជាដើម​។

​បេីតាមអ្នកជំនាញ​លើ​ការអភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ​នៅ​យូណេស្កូ​ លោក Mikel Aguirre Idiaquez បានលើកឡើង​ថា សៀវភៅ «​កូ​វីដ​-១៩៖ តួនាទី​របស់​តួអង្គ​ក្នុង​ប្រព័ន្ធយុត្តិធម៌​ក្នុងការ​ការពារ និង​លើកកម្ពស់​សិទ្ធិសេរីភាព​បញ្ចេញមតិ​» គឺ​វា​នឹង​ផ្ដល់​សារប្រយោជន៍​សម្រាប់​បរិ​បទ​កម្ពុជា​។

​អ្នកជំនាញ​រូបនេះ​ បន្តថា​ សៀវភៅ ដែលមាន​កម្រ​ស់​២៨​ទំព័រ បានលើកឡើង​ពី​គោលការណ៍​ណែនាំ​ជាច្រើន​សម្រាប់​ចៅក្រម និង​ព្រះរាជអាជ្ញាទាក់ទិន​នឹង​សិទ្ធិសេរីភាព​បញ្ចេញមតិ​, ការការពារ​ទិន្នន័យ​ឯកជន​, ការទប់ស្កាត់​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​, ការការពារ​អ្នកសារព័ត៌មាន​នៅក្នុង​វិបត្តិ​កូ​វីដ​-១៩ និង​ជំរុញ​ឲ្យ​រដ្ឋ​គោរព​តាម​លក្ខខណ្ឌ លក្ខណៈវិនិច្ឆ័យនិង​នីតិវិធី​នានា​ជាដើម​។

​​លោក Idiaquez​ គូសបញ្ជាក់ទៀតថា សៀវភៅ​ស្តីពី​«​សុវត្ថិភាព​អ្នកសារព័ត៌មាន​» ដែលមានកម្រាស់ ២៥២​ទំព័រ​នេះ ផ្ដល់​ការណែនាំ​ទាក់ទិន​នឹង​សុវត្ថិភាព​រូបរាងកាយ​របស់​អ្នកសារព័ត៌មាន ក្នុងពេល​ចុះទៅ​បំពេញភារកិច្ច ក្នុងអំឡុងពេល​សង្គ្រាម ជំងឺ​រាតត្បាត បាតុកម្ម និង​ការការពារ​ខ្លួន​លើ​ប្រព័ន្ធ​ឌីជីថល​ជាដើម​។ សៀវភៅ​ដដែល​នេះ ក៏បាន​ណែនាំ​អ្នកសារព័ត៌មាន​ឱ្យ​ចេះ​ថែ​ទាំង​សុខភាព​, ការដាក់​សម្ភារ​វេជ្ជសាស្ត្រ ឬ​សម្ភារ​សម្រាប់​សម្រាក ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​ផ្សេងទៀត​, ការរៀបចំ​ហិរញ្ញវត្ថុ និង​វិធានការ​ជាច្រើន​ទៀត ក្នុងអំឡុងពេល​ចុះ​បំពេញភារកិច្ច​។

​គួរបញ្ជាក់ថា សៀវភៅ​ណែនាំ​កូ​វីដ​-១៩៖ តួនាទី​របស់​តួអង្គ​ក្នុង​ប្រព័ន្ធយុត្តិធម៌​ក្នុងការ​ការពារ និង​លើកកម្ពស់​សិទ្ធិសេរីភាព​បញ្ចេញមតិ​» ត្រូវបាន​បោះ​ពុ​ម្ភ​ជា​ភាសា​អង់គ្លេស​នៅក្នុង​ខែកញ្ញា ឆ្នាំ​២០២០ និង​សៀវភៅ​ណែនាំ « សុវត្ថិភាព​អ្នកសារព័ត៌មាន​» បាន​បោះ​ពុ​ម្ភ​ជា​ភាសា​អង់គ្លេស​នៅក្នុង​ឆ្នាំ​២០១៥ កន្លងមក​៕

ដោយ៖សហការី


ចែករំលែក៖