ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង ៖ លទ្ធផលជំរឿនឆ្នាំ២០១៩ មន្ដ្រីជំរឿនចុះសម្ភាសន៍ប្រជាពលរដ្ឋទូទាំងប្រទេស ប្រមាណ៣,៥លានគ្រួសារ

ចែករំលែក៖

ភ្នំពេញ៖បើយោងតាមអង្គភាពនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា,សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅ ប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ មានប្រសាសន៍ថា លទ្ធផលចុងក្រោយនៃការខិតខំប្រឹងប្រែងរបស់មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ ជាង៥ម៉ីននាក់ បានចុះសម្ភាសន៍ប្រជាពលរដ្ឋប្រមាណ៣,៥លានគ្រួសារ ក្នុងទូទាំងប្រទេស ដើម្បីប្រមូលព័ត៌មាន។

ក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិ នៃលទ្ធផលចុងក្រោយ ជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ នាថ្ងៃ២៦ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «ជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងឆ្នាំកន្លងមកនេះ។ លទ្ធផលចុងក្រោយ ជាលទ្ធផលនៃការខិតខំរបស់មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ចំនួនប្រមាណ ជាង៥ម៉ីននាក់ ដែលបានសម្ភាសន៍ប្រមាណ ៣,៥ លានគ្រួសារនៅទូទាំងប្រទេស ដើម្បីប្រមូលព័ត៌មាន ហើយមន្ត្រីវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានកែច្នៃ និងវិភាគទិន្នន័យ ដោយសហការជាមួយមន្ត្រីបច្ចេកទេស និងអ្នកជំនាញការអន្តរជាតិ បានបញ្ចប់ទាន់ពេលវេលា ទោះជាយើងស្ថិតក្នុងបរិការនៃជំងឺកូវីដ-១៩ ជាសកលក៏ដោយ»។

សម្ដេចក្រឡាហោម បន្ដថា «យើងទាំងអស់គ្នាបានដឹងហើយថា ជំរឿនប្រជាជន និងលំនៅដ្ឋាន ជាប្រភពតែមួយគត់ នៃទិន្នន័យប្រជាសាស្រ្ត សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌រហូតដល់កំរិតភូមិ។ របាយការណ៍ជំរឿនផ្តល់លទ្ធផលចុងក្រោយកំរិតជាតិ ដែលត្រូវបានផ្សព្វផ្សាយនាថ្ងៃនេះ មានសារៈប្រយោជន៍ចំពោះរាជរដ្ឋាភិបាល ស្របទៅតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលបានដាក់ចេញ។ អ្វីដែលមាននៅពេលនេះ គឺជាជំហានមួយនៃការវិភាគ ទិន្នន័យជំរឿន»។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា តាមលទ្ធផលចុងក្រោយ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ប្រជាជនកម្ពុជាមានការកើនឡើងដល់១៥,៦លាននាក់ ខណៈដែលកាលពីឆ្នាំ២០០៨ កម្ពុជាមានប្រជាជនត្រឹមតែ១៣,៤នាក់ប៉ុណ្ណោះ។ដោយឡែកអត្រាកំណើនប្រចាំឆ្នាំមានការធ្លាក់ចុះដែលក្នុងឆ្នាំ២០១៩នោះ ១,៤ភាគរយ ខណៈអត្រាឆ្នាំ២០០៨ មានរហូតដល់១,៥ភាគរយ។ការធ្លាក់ចុះនេះ គឺដោយសារការអនុវត្តដោយជោគជ័យនូវគោលនយោបាយជាតិប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិ ការជាសាធារណៈដើម្បីកាត់បន្ថយលទ្ធភាពបង្កកំណើត និងមរណភាព។ អត្រាកំណើនប្រជាជននៅខ្ពស់ជាងអត្រាមធ្យម នៃប្រជាជាតិអាស៊ីអាគ្នេយ៍។ នៅមានកិច្ចការជាច្រើន ដើម្បីធ្វើក្នុងការបង្កើននូវលក្ខខ័ណ្ឌសុខភាព ប្រជាជនអោយប្រសើរឡើង នូវសេវាសុខភាពបន្តពូជរបស់ស្ត្រី និងការកាត់បន្ថយនូវមរណភាពកុមារ ទារក និងមរណភាពមាតា។

សម្ដេចក្រឡាហោម បញ្ជាក់ថា ដង់ស៊ីតេប្រជាជនក្នុងមួយគីឡូម៉ែត្រក្រឡាបានកើនឡើងពី ៧៥នាក់ នៅឆ្នាំ២០០៨ ទៅ៨៧នាក់ នៅឆ្នាំ២០១៩។ ដង់ស៊ីតេនេះប្រជាជនកម្ពុជានៅទាបជាងច្រើន បើធៀបនឹងដង់ស៊ីតេប្រជាជននៃបណ្តា ប្រទេសនៅអាស៊ីអាគ្នេយ៍៕

ដោយ ៖ សិលា


ចែករំលែក៖