បារាំងមានគម្រោងបិទប្រទេសជាលើកទី៣ដូចជាការបិទលើកទី១ កាលពីខែមីនាឆ្នាំ២០២០ ក្នុងនោះមានបិទសាលារៀន ហាងលក់ទំនិញផ្សេងៗភោជនីយដ្ឋាន…លើកលែងតែហាងលក់ស្បៀងអាហារចាំបាច់។ រយៈពេល២សប្តាហ៍ដែលដាក់បម្រាមគោចរនៅទូទាំងប្រទេសចាប់ពីវេលាម៉ោង១៨ ដល់ម៉ោង៦ព្រឹកគឺមិនមានប្រសិទ្ធភាព គ្រប់គ្រាន់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ទម្រង់ថ្មីឡើយ។ រដ្ឋាភិបាលបារាំងកំពុងតែពិចារណា លើគម្រោងបិទប្រទេសជាលើកទី៣ទៀត។ កាលពីថ្ងៃទី១៦ខែមករា បារាំងបានអនុវត្តច្បាប់បម្រាមគោចរ ចាប់ពីម៉ោង១៨ ដល់ម៉ោង៦ព្រឹកដោយសង្ឃឹមថាអាចទប់ស្កាត់ការឆ្លងកូវីដ -១៩ និងបញ្ចៀសការបិទប្រទេសជាលើកទីបី ។ ប៉ុន្តែជាច្រើនថ្ងៃកន្លងមក ច្បាប់បម្រាមគោចរនោះមិនមានប្រសិទ្ធភាព អ្នកឆ្លងនៅតែកើនឡើងដដែល។ អ្នកនាំពាក្យរដ្ឋាភិបាលបារាំង លោកGabriel Attal បានបញ្ជាក់ថា ក្រោយកិច្ចពិភាក្សាជាមួយបណ្តារដ្ឋមន្ត្រីកាលពីថ្ងៃទី២៧ ខែមករា ទៅលើច្បាប់បម្រាមគោចរ និងការឆ្លងរាលដាលកូវីដ-១៩ ។ នៅពេលនេះក្រុមអ្នកជំនាញនឹងវាយតម្លៃបន្ថែមទៀតក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ហើយបើនៅតែមានករណីឆ្លងកើនឡើងនោះអាចនឹងបិទប្រទេសជាថ្មី ។ នៅពេលនេះដែរ រដ្ឋាភិបាលបារាំងបានពិភាក្សាលើវិធានការបិទប្រទេសជាលើកទីបីក្នុងនោះមាន៣វិធានការ ។ ទីមួយ គឺការបិទប្រទេសដូចជាការបិទលើកទីមួយ នៅខែមីនាឆ្នាំ២០២០ ដោយបិទទាំងអស់ លើកលែងតែកន្លែងលក់អាហារចាំបាច់។ ទីពីរ បារាំងអាចនឹងបិទទ្វារប្រទេសដូចជាលើកទីពីរ ដូចកាលពីខែតុលាឆ្នាំ២០២០ ។ ប៉ុន្តែដោយទទួលបានបទពិសោធន៍ក្នុងការបិទទ្វារលើកទីពីរ បារាំងនឹងបិទហាងលក់ទំនិញដែលមិនចាំបាច់ទាំងអស់។ ទី៣ គឺការបិទប្រទេសក្នុងរយៈពេល២ថ្ងៃចុងសប្តាហ៍ ចំណែកថ្ងៃផ្សេងទៀតគឺរក្សាបម្រាមគោចរ ដូចដើមដដែល ។ វិធានការទាំងបីកំពុងតែពិចារណា អាចនឹងអនុវត្តនៅពេលពេលប៉ុន្មានថ្ងៃខាងមុខទៀត បើការឆ្លងកូវីដ-១៩នៅតែមានសញ្ញាធ្ងន់ជាងមុន៕ ដោយ៖ធី រីណា
រូបភាព៖Le Monde