ភ្នំពេញ៖ មន្ទីរអប់រំរាជធានីភ្នំពេញ បានសម្រេចដាក់ពិន័យប្តូរទីតាំងគ្រូបង្រៀនម្នាក់ ចេញពីសាលាបឋមសិក្សាសន្ធរម៉ុក អោយទៅបង្រៀននៅសាលាបឋមសិក្សាសែនសុខវិញ បន្ទាប់ពីរកឃើញកំហុសយកលុយសិស្សក្នុងពេលបង្រៀន។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ លោក ហែម ស៊ីណារ៉េត បានឲ្យដឹងនៅថ្ងៃទី ៣ ខែកុម្ភៈ២០២១នេះថា មន្ទីរបានប្រជុំក្រុមប្រឹក្សាវិន័យហើយបានរកឃើញកំហុសឆ្គងពិតជាកើតមានមែន។
នៅវេលាម៉ោង១០ ព្រឹកថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២១មន្ទីរអប់រំយុវជននិងកីឡារាជធានីបានប្រជុំក្រុមប្រឹក្សាវិន័យ ហើយបានរកឃើញកំហុសឆ្គងរបស់គ្រូបង្រៀនម្នាក់នោះហើយបានឯកភាពសម្រេចផ្លាស់គាត់ពីសាលាបឋមសិក្សាសន្ធរម៉ុកនៅខណ្ឌទួលគោក ទៅបង្រៀននៅសាលាបឋមសិក្សាសែនសុខខណ្ឌសែនសុខ។
យើងបានណែនាំឲ្យសាលារៀបចំឯកសារយកទៅប្រគល់ជូនគាត់។
លោក រស់សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថា ជាទូទៅក្នុងករណីមានភាពមិនប្រក្រតីណាមួយកើតឡើងនៅតាមគ្រឹះស្ថានសិក្សាណាមួយនៅទូទាំងប្រទេស គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាមានវិធានការរដ្ឋបាល ដើម្បីដោះស្រាយទៅតាមទិដ្ឋភាពជាក់ស្តែង ហើយអាចមានការសហការជាមួយមន្ទីរអប់រំយុវជននិងកីឡាជាសេនាធិការរបស់ក្រសួង។
គួរបញ្ជាក់ថា ការដាក់វិន័យគ្រូបង្រៀនម្នាក់នៅសាលាបឋមសិក្សាសន្ធរម៉ុកនៅពេលនេះ បន្ទាប់ពីមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានរកឃើញគ្រូបង្រៀនម្នាក់នេះ ពិតជាបានទារប្រាក់៦ម៉ឺនរៀលក្នុង១ខែ ពីសិស្សពិតប្រាកដមែន។ ក្រោយពេលដែលឪពុកម្តាយនិងអាណាព្យាបាលសិស្សមួយចំនួនដែលរៀននៅសាលាបឋមសិក្សាសន្ធរម៉ុក បានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក គ្រូបង្រៀននៅសាលាសន្ធរម៉ុកបានបង្ខំឱ្យសិស្សរៀនគួរបន្ថែមម៉ោង និងដេញចេញក្រៅថ្នាក់ចំពោះសិស្សណាដែលមិនរៀនគួរ ហើយបានទារលុយពីសិស្សម្នាក់៦ម៉ឺនរៀលជាថ្លៃដឹងគុណគ្រូ៕
ដោយ៖សូ រិយា