ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពាក់ស្លាកលេខ​ ខេមរភូមិន្ទ​ ចំនួន២គ្រឿងបេីកបុកគ្នា​នៅផ្លូវជាតិលេខ៤​ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ ៖​ បុរសម្នាក់ជាជនជាតិចិនបានបើករថយន្តស៊េរីទំនើបមួយគ្រឿងស្លាកលេខ​ ខេមរភូមិន្ទឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាក​ LEXUS RX400h ពាក់ស្លាកលេខខេមរភូមិន្ទដូចគ្នាបណ្ដាលឲ្យរងការខូចខាតផ្នែងកាងខាងក្រោយយ៉ាងដំណំ​ តែក៏សំណាងល្អមិនមានអ្នករងរបួស​ ។

​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលាម៉ោង១០​ និង៣០នាទីយប់ថ្ងៃព្រហស្បត្តិ៍​ ទី៤​ ខែកុម្ភៈ​ ឆ្នាំ២០២១​ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤​ ចំណុចជិតផ្សារជម្ពូវ័ន្ត​ ក្នុងសង្កាត់ចោមចៅ៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ។

​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាខ្លាំង​ បានបើករថយន្តស៊េរីទំនើបមួយគ្រឿង​ម៉ាក​ TRUMPCHI ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ខេមរភូមិន្ទ01 2.3236 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅពីត្បូងទៅជើង​ ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលបុករថយន្ត​ LEXUS RX400hពណ៌ត្រេអុី ពាក់ស្លាកលេខ​ ខេមរភូមិន្ទ02 2.3538 បើកដោយបុរសម្នាក់តាមបណ្ដោយផ្លូវជាតិលេខ៤ទិសដៅពីលិចទៅកើត​ ចំកាងផ្នែកខាងក្រោយ​ បណ្ដាលឲ្យដាច់ធ្លាក់ដល់ដីរងការខូចខាត ។

​ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុដោយមិនមានអ្នករបួស ក៏ដូចជាមិនប៉ះពាល់ដល់សម្បត្តិរដ្ឋ​ ទេីបសមត្ថកិច្ចឲ្យភាគីទាំងពីរសម្របសម្រួលគ្នា​ ដោយភាគីខាងរថយន្ត TRUMPCHIជាជនជាតិចិនព្រមសងសំណងទៅភាគីរថយន្ត​ LEXUS RX400h ដែលរងគ្រោះចំនួន៤០០ដុល្លារដើម្បីបញ្ចប់រឿង​ ៕​

ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖