ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋប្រហារ​យោធាមីយ៉ាន់ម៉ា​ ប៉ូលិសបន្តចាប់ខ្លួន​មនុស្សជំនិតម្នាក់របស់លោកស្រីអង់ សាន ស៊ូជី

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១​ បានចុះផ្សាយថា​ ប៉ូលិសមីយ៉ាន់ម៉ា​ បានចាប់ខ្លួនថ្នាក់ដឹកនាំម្នាក់ទៀតនៃគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ និងជាមនុស្សជំនិតរបស់លោកស្រី អង់ សាន ស៊ូជី គឺលោក វីន ថេន (Win Htein)។ ការចាប់ខ្លួនមនុស្សជំនិតរបស់លោកស្រីអង់ សាន ស៊ូជី​ ធ្វេីឡេីងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកើតមានរដ្ឋប្រហារមួយ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។

ទីភ្នាក់ព័ត៌មាន Reuters បានបញ្ជាក់បន្ថែមថា​ លោក Win Htein មានអាយុ ៧៩ឆ្នាំ បានអះអាងពីការចាប់ខ្លួនរូបលោក ប្រាប់តាមទូរស័ព្ទនៅថ្ងៃសុក្រនេះថា ប៉ូលិសបានចាប់ ខ្លួនឡើងរថយន្ដមួយគ្រឿងចេញពីទីក្រុងរ៉ង់ហ្គូន ឆ្ពោះទៅកាន់រដ្ឋធានីណៃពីដោ។ ប៉ុន្តែលោក Win Htein មិនបានប្រាប់ឱ្យដឹងថា លោកត្រូវបានចាប់ខ្លួនពីបទល្មើសអ្វី ឬក៏បទចោទប្រកាន់ដែលលោក នឹងត្រូវប្រឈមមុខនោះឡើយ។

ដោយឡែកជុំវិញការធ្វេីរដ្ឋប្រហារយោធានេះដែរ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានអំពាវនាវឱ្យយោធាមីយ៉ាន់ម៉ា ដោះលែងលោកស្រី ស៊ូជី និងអ្នកដែលកំពុងជាប់ឃុំឱ្យមានសេរីភាពឡើងវិញ ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ។

គួរបញ្ជាក់ថា​ បើតាមសមាគមផ្ដល់ជំនួយរបស់មីយ៉ាន់ម៉ា សម្រាប់អ្នកទោសនយោបាយ គិតត្រឹមថ្ងៃសុក្រនេះមនុស្សសរុប ១៤៧នាក់ហើយ ត្រូវបានយោធាមីយ៉ាន់ម៉ាចាប់ឃុំខ្លួន ចាប់តាំងពីមានរដ្ឋប្រហារ កាលពីថ្ងៃចន្ទទី១​ ខែកុម្ភៈនេះ ខណៈលោកស្រី អង់ សាន ស៊ូជី ត្រូវបានប៉ូលិសមីយ៉ាន់ម៉ា ចោទប្រកាន់កាលពីថ្ងៃពុធថា បានល្មើសច្បាប់នាំចេញ-នាំចូល ដែលអាចឲ្យលោកស្រី ជាប់ពន្ធនាគារថែមទៀតផង៕ដោយ៖ស​ តារា

រូបភាព​៖​ លោក​ Win Htein​ មនុស្សជំនិតរបស់លោកស្រី អង់ សាន ស៊ូជី


ចែករំលែក៖