អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ បានចុះផ្សាយថា ប៉ូលិសមីយ៉ាន់ម៉ា បានចាប់ខ្លួនថ្នាក់ដឹកនាំម្នាក់ទៀតនៃគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ និងជាមនុស្សជំនិតរបស់លោកស្រី អង់ សាន ស៊ូជី គឺលោក វីន ថេន (Win Htein)។ ការចាប់ខ្លួនមនុស្សជំនិតរបស់លោកស្រីអង់ សាន ស៊ូជី ធ្វេីឡេីងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកើតមានរដ្ឋប្រហារមួយ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។
ទីភ្នាក់ព័ត៌មាន Reuters បានបញ្ជាក់បន្ថែមថា លោក Win Htein មានអាយុ ៧៩ឆ្នាំ បានអះអាងពីការចាប់ខ្លួនរូបលោក ប្រាប់តាមទូរស័ព្ទនៅថ្ងៃសុក្រនេះថា ប៉ូលិសបានចាប់ ខ្លួនឡើងរថយន្ដមួយគ្រឿងចេញពីទីក្រុងរ៉ង់ហ្គូន ឆ្ពោះទៅកាន់រដ្ឋធានីណៃពីដោ។ ប៉ុន្តែលោក Win Htein មិនបានប្រាប់ឱ្យដឹងថា លោកត្រូវបានចាប់ខ្លួនពីបទល្មើសអ្វី ឬក៏បទចោទប្រកាន់ដែលលោក នឹងត្រូវប្រឈមមុខនោះឡើយ។
ដោយឡែកជុំវិញការធ្វេីរដ្ឋប្រហារយោធានេះដែរ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានអំពាវនាវឱ្យយោធាមីយ៉ាន់ម៉ា ដោះលែងលោកស្រី ស៊ូជី និងអ្នកដែលកំពុងជាប់ឃុំឱ្យមានសេរីភាពឡើងវិញ ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ។
គួរបញ្ជាក់ថា បើតាមសមាគមផ្ដល់ជំនួយរបស់មីយ៉ាន់ម៉ា សម្រាប់អ្នកទោសនយោបាយ គិតត្រឹមថ្ងៃសុក្រនេះមនុស្សសរុប ១៤៧នាក់ហើយ ត្រូវបានយោធាមីយ៉ាន់ម៉ាចាប់ឃុំខ្លួន ចាប់តាំងពីមានរដ្ឋប្រហារ កាលពីថ្ងៃចន្ទទី១ ខែកុម្ភៈនេះ ខណៈលោកស្រី អង់ សាន ស៊ូជី ត្រូវបានប៉ូលិសមីយ៉ាន់ម៉ា ចោទប្រកាន់កាលពីថ្ងៃពុធថា បានល្មើសច្បាប់នាំចេញ-នាំចូល ដែលអាចឲ្យលោកស្រី ជាប់ពន្ធនាគារថែមទៀតផង៕ដោយ៖ស តារា
រូបភាព៖ លោក Win Htein មនុស្សជំនិតរបស់លោកស្រី អង់ សាន ស៊ូជី