ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃទី ៥ខែកុម្ភៈបានប្រកាសថា នឹងធ្វើជាអាជ្ញាកណ្តាលក្នុងកិច្ចពិភាក្សារវាងអាមេរិក នឹងអុីរ៉ង់ដើម្បីដំណើរការកិច្ចព្រមព្រៀងបរមាណូឡើងវិញ ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ ប្រធានាធិបតី ម៉ាក្រុង បានសន្យាថា នឹងធ្វើគ្រប់យ៉ាងដើម្បីជួយដល់ទំនាក់ទំនងអាមេរិកនិងអុីរ៉ង់ វិលត្រឡប់ចូលតុពិភាក្សាស្តីពីការបន្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ ក្រោមរដ្ឋការរបស់អតីតប្រធានាធិបតីអូបាម៉ា ។
មេដឹកនាំបារាំង បានខិតខំជាច្រើនលើកកន្លងមកហើយ ដើម្បីបញ្ចុះបញ្ចូលលោកត្រាំឱ្យគោរពតាមកិច្ចព្រមព្រៀងបរមាណូ ប៉ុន្តែមិនបានសម្រេច លោកត្រាំក៏បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនៅឆ្នាំ២០១៨។
នៅពេលនេះមិនទាន់ដឹងថា សំណើរបស់ប្រធានាធិបតីបារាំងទទួលបានការស្វាគមន៍ពីទីក្រុងវ៉ាស៊ីនតោនដែរឬក៏យ៉ាងណានោះទេ។ នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអុីរ៉ង់ លោកMohammad Javad Zarif ក៏បានបង្ហាញពីគោលបំណងចង់ឲ្យសហគមន៍អឺរ៉ុបជួយសហការបង្កើនទំនុកចិត្ត ដើម្បីដំណើរការកិច្ចព្រមព្រៀងឡើងវិញ ។
អុីរ៉ង់បានបង្ហាញពីគោលបំណងចង់ឲ្យអាមេរិកលុបទណ្ឌកម្មដែល អតីតប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័ត ។ ប៉ុន្តែប្រធានាធិបតីថ្មីអាមេរិក លោកចូ បៃឌិនបានលើកឡើងថា អ្វីដែលសំខាន់នាពេលនេះគឺអុីរ៉ង់ត្រូវតែគោរពតាមកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៥ជាមុនសិន ៕ ដោយ៖ធី រីណា
រូបភាព៖ baobariavungtau