ព័ត៌មានទាន់ហេតុការណ៍៖

បារាំងស្នើធ្វើជាអាជ្ញាកណ្តាលក្នុងកិច្ចពិភាក្សារវាងអាមេរិកនឹងអុីរ៉ង់

ចែករំលែក៖

ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃទី ៥ខែកុម្ភៈបានប្រកាសថា នឹងធ្វើជាអាជ្ញាកណ្តាលក្នុងកិច្ចពិភាក្សារវាងអាមេរិក នឹងអុីរ៉ង់​ដើម្បីដំណើរការកិច្ចព្រមព្រៀងបរមាណូឡើងវិញ ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ ប្រធានាធិបតី​ ម៉ាក្រុង បានសន្យាថា នឹងធ្វើគ្រប់យ៉ាងដើម្បី​ជួយដល់ទំនាក់ទំនងអាមេរិកនិងអុីរ៉ង់ វិលត្រឡប់ចូលតុពិភាក្សាស្តីពីការបន្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីឆ្នាំ​២០១៥ ក្រោមរដ្ឋការរបស់អតីតប្រធានាធិបតីអូបាម៉ា ។
មេដឹកនាំបារាំង​ បានខិតខំជាច្រើនលើកកន្លងមកហើយ ដើម្បីបញ្ចុះបញ្ចូលលោកត្រាំឱ្យគោរពតាមកិច្ចព្រមព្រៀងបរមាណូ ប៉ុន្តែមិនបានសម្រេច លោកត្រាំក៏បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនៅឆ្នាំ២០១៨​។
នៅពេលនេះមិនទាន់ដឹងថា សំណើរបស់ប្រធានាធិបតីបារាំង​ទទួលបានការស្វាគមន៍ពីទីក្រុងវ៉ាស៊ីនតោនដែរឬក៏យ៉ាងណានោះទេ។​ នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអុីរ៉ង់ លោកMohammad Javad Zarif ក៏បានបង្ហាញពីគោលបំណងចង់​ឲ្យសហគមន៍អឺរ៉ុប​ជួយសហការ​បង្កើនទំនុកចិត្ត​ ដើម្បីដំណើរការកិច្ចព្រមព្រៀងឡើងវិញ ។
អុីរ៉ង់បានបង្ហាញពីគោលបំណង​ចង់ឲ្យអាមេរិកលុបទណ្ឌកម្មដែល អតីតប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័ត​ ។ ប៉ុន្តែប្រធានាធិ​បតីថ្មីអាមេរិក លោកចូ បៃឌិន​បានលើកឡើងថា អ្វីដែលសំខាន់នាពេលនេះគឺអុីរ៉ង់ត្រូវតែគោរពតាមកិច្ចព្រមព្រៀងកាលពីឆ្នាំ​២០១៥​ជាមុនសិន ៕ ដោយ៖ធី រីណា

រូបភាព៖ baobariavungtau


ចែករំលែក៖