ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយការផ្អាកដោយសារការធ្វើរដ្ឋប្រហារ ​ពេលនេះមីយ៉ាន់ម៉ា ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ​-១៩ជាថ្មី

ចែករំលែក៖

តាមគេហទំព័រ worldometers នៅថ្ងៃទី៥ខែកុម្ភៈ បានផ្សាយថា មីយ៉ាន់ម៉ា មានអ្នកឆ្លង COVID-19 ចំនួន១៤១,១០៤នាក់ ក្នុងនោះស្លាប់ ៣,១៦៣នាក់ និងជាសះស្បើយឡើងវិញ ១២៦,៨៦៩នាក់។
ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ បានផ្សាយថា ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ជូនប្រជាជនរបស់ខ្លួននៅទូទាំងប្រទេសឡើងវិញហើយ ក្រោយពីមានរដ្ឋប្រហារចាប់ឃុំខ្លួនលោកស្រី អោង សាន ស៊ូជី និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបនៃរដ្ឋាភិបាលរបស់លោកស្រី កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។
មីយ៉ាន់ម៉ា បានចាប់ផ្ដើមចាក់វ៉ាក់សាំងជូនបុគ្គលិកសុខាភិបាលជួរមុខ និងអ្នកស្ម័គ្រចិត្ត ១០៣,១៤២នាក់ ចាប់តាំងពីថ្ងៃទី២៧ ខែមករាមក ជាផ្នែកមួយនៃយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសក្នុងដំណាក់កាលដំបូង។ ក្រុមមនុស្សដែលនឹងទទួលបានការចាក់វ៉ាក់សាំងជាអាទិភាពនៅថ្ងៃសុក្រនេះ ក្នុងនោះរួមមាន រដ្ឋមន្ត្រី, អនុរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ព្រមទាំងមនុស្សមានវ័យចាប់ពី៦៥ឆ្នាំឡើងទៅ។
មីយ៉ាន់ម៉ាទទួលបានវ៉ាក់សាំង Covishield ពីប្រទេសឥណ្ឌា ១.៥លានដូស និង៣០លានដូសទៀតនឹងមកដល់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះក្នុងពេលឆាប់ៗខាងមុខ។ Covishield គឺជាឈ្មោះដែលរដ្ឋាភិបាលឥណ្ឌា ហៅសម្គាល់លើវ៉ាក់សាំងផលិតរួមគ្នាដោយក្រុមហ៊ុនអង់គ្លេស AstraZeneca និងសាកលវិទ្យាល័យ Oxford តែផលិតក្នុងប្រទេសឥណ្ឌា ៕

ដោយ៖ធីរីណា


ចែករំលែក៖