ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋក្រីក្រទូទាំងស្រុកកោះធំ ចំនួន៩០គ្រួសារ ក្រោមអធិបតីភាព លោកនៃ ចារី អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាង លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ប្រធាន អនុប្រធានអនុសាខាកាកបាទក្រហមស្រុកកោះធំ អាជ្ញាធរស្រុក និងសប្បុរសជននានាជាច្រើនរូបផងដែរ។
មានប្រសាសន៍នាឱកាសនោះលោកនៃ ចារី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសបងប្អូនដែលមានជីវភាពក្រីក្រនាពេលនេះ ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយមិនប្រកាន់វណ្ណៈ បក្សពួក ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយឡើយ។
ក្នុងឱកាសនោះដែរលោក នៃ ចារី បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន ពិសេសចូលរួមបង្ការ ការពារ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបាល ត្រូវលាងដៃនឹងសាប៊ូ អាល់កុល ឬជែល ពាក់ម៉ាស់ជាប្រចាំនៅពេលចេញក្រៅផ្ទះ ឬនៅកន្លែងប្រជុំជន និងត្រូវរក្សាគម្លាតសុវត្ថិភាពផងដែរ។
អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ផ្ដល់ជូនគ្រួសារក្រីកក្រទាំង៩០គ្រួសារគឺក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខកំប៉ុង១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ ១កេស ម៉ាស់១០បន្ទះ ជែល១ដប និងថវិកាចំនួន៥ម៉ឺនរៀល។
បន្ទាប់មកប្រតិភូសាខាបានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនស្ត្រីដែលសម្រាលកូនចំនួន១៩នាក់នៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ។ អំណោយដែលផ្តល់ជូនស្ត្រីសម្រាលកូនក្នុងម្នាក់ ទទួលបាន មុងទារក១ ឃីតទារក១កញ្ចប់ និងថវិកា ១០ ម៉ឺនរៀល៕
ដោយ៖ឆ ដា