ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការស្តីទី កងពលតូចថ្មើរជើងលេខ៥១ បានអញ្ជើញអប់រំផ្សព្វផ្សាយដល់យោធិន ចំណុះទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្តីពីការទទួលបាននូវវ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល ដែលបានដឹកមកដល់ប្រទេសកម្ពុជា នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។
លោកឧត្តមសេនីយ៍មេបញ្ជាការស្តីទី បានបញ្ជាក់ថា កងកម្លាំងទាំងអស់នឹងទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ១៩ គ្រប់ៗគ្នា ប៉ុន្តែវ៉ាក់សាំងការពារមកដល់លើកទី១នេះ គឺអង្គភាព មិនទទួលបានគ្រប់ៗគ្នានោះទេ អង្គភាពនិងទទួលបានមួយផ្នែកជាអាទិភាពសម្រាប់កម្លាំងប្រឈម និងកម្លាំងជួរមុខរបស់កងពល ដែលកំពុងបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះ ការពារជំងឺកូវីដ១៩ នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ បានថ្លែងកោតសរសើរ ដល់នាយ-ពលទាហាន ទាំងអស់ ដែលបានយកចិត្តទុកដាក់ អនុវត្តតាមផែនការ របស់កងពល ដាក់ចុះប្រកបដោយការទទួលខុសត្រូវខ្ពស់។
ជាពិសេសក្រៅពីភារកិច្ចស្នូលរបស់កងទ័ព គ្រប់អង្គភាពបានយកចិត្តទុកដាក់ការងារបង្កបង្កើនផល ចិញ្ចឹមសត្វសម្រាប់ឧបត្ថម្ភបន្ថែម កងទ័ពហូបប្រចាំថ្ងៃ គ្រប់គ្រាន់ ឆ្ងាញ់ ដើម្បីរក្សាបាននូវសុខុមាលភាពរបស់កងទ័ព ក្នុងភារកិច្ចការពារជាតិមាតុភូមិ៕
ដោយ៖ សូរិយា